យុវ​ជន​ឥណ្ឌាវ័យ​ 16​ឆ្នាំ ឈ្នះ​មេដាយ​មាស​​លើ​វិញ្ញាសា​បាញ់​កាំភ្លើង​​

កីឡាករ​​បាញ់​កាំភ្លើង Saurabh Chaudhary វ័យ​ 16​ឆ្នាំ​របស់​ឥណ្ឌា បាន​បង្កើត​កំណត់ត្រា​ថ្មីមួយក្នុង​ព្រឹត្តិការណ៍ Asian Games ខណៈ​ដែល​រូបគេ​បាន​ឈ្នះ​ពាន​រង្វាន់​ធំ​ជាលើក​ទី​1 ​ក្នុង​អាជីព​របស់​គេ លើ​វិញ្ញាសា​ប្រកួត​បាញ់​កាំភ្លើង​ខ្លី​ខ្យល់​ចម្ងាយ​ 10ម៉ែត្រ កាលពីថ្ងៃ​អង្គារ​។

Chaudhary រក​បានពិន្ទុ​សរុប​ចំនួន​ 240.7 ដើម្បីនាំ​មុខ​លើ​កីឡាករ​ជប៉ុន Tomoyuki Matsuda ដែល​រក​បាន​ពិន្ទុ​សរុប 239.7​ពិន្ទុ និង​មិត្ត​រួម​ជាតិ​ឥណ្ឌា​របស់​គេ​គឺ Abhishek Verma ដែល​​រក​បាន​ពិន្ទុ​ 219.3​ពិន្ទុ​។ ក្នុងនាម​ជា​កូន​ប្រុស​របស់​កិសករ​ម្នាក់ Chaudhary រក​បាន​​ពិន្ទុ​586 ដើម្បី​ឈរ​លេខ​1​ក្នុង​ការ​ប្រកួត​ជម្រុះ និង​បាន​រក្សា​​កម្រិត​សមត្ថ​ភាព​ដ៏ល្អ​របស់​គេ​ក្នុង​វគ្គ​​ផ្តាច់​ព្រ័ត្រ ក្នុង​ការ​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍ Asian Games ជាលើក​ទី​1​ របស់​គេ​។ រូប​គេ​បាន​ឈ្នះ​មេដាយមាស​​លើ​វិញ្ញា​សា​បាញ់​កាំភ្លើង​ជាលើក​ទី​1 ​សម្រាប់​ឥណ្ឌា ក្នុង​ព្រឹត្តិ​ការណ៍​​កីឡា​អាស៊ី នៅ​ប្រទេស​ឥណ្ឌូនេស៊ីមួយ​នេះ ក្រោយពីកីឡាករ Deepak Kumar និងLakshayLakshay ត្រូវ​​បញ្ចប់​ដោយ​ការ​ឈ្នះ​មេដាយប្រាក់​ក្នុង​វិញ្ញា​សា​បាញ់​កាំភ្លើង​វែង​ចម្ងាយ​10​ម៉ែត្រ និង​គោល​ដៅចម្រុះ​រៀង​ៗខ្លួ​ន​។

វា​ក៏​ជាលើក​ទី​1 ​ផងដែរ ដែល​ឥណ្ឌា បាន​ឈ្នះ​មេដាយ​2 ​ក្នុងវិញ្ញា​សា​បាញ់​កាំភ្លើង​តែមួយ ក្នុង​​ព្រឹត្តិ​ការណ៍​របស់ Asian Games​។ ស្រ​បពេល​ជាមួយ​គ្នា​នេះ ម្ចាស់​ជើង​ឯក​អូឡាំពិក​ 4សម័យកាល Jin Jong-oh មិន​អាច​ដណ្តើម​បាន​មេដាយមាស​ឯក​ត្ត​ជន​ក្នុង​ព្រឹត្តិការណ៍ Asian Games ឡើយ ក្រោយពី​កីឡាករ​កូរ៉េ​ខាង​ត្បូង​រូបនេះ បាន​បញ្ចប់ក្នុង​ចំណាត់ថ្នាក់​លេខ​5​៕

 

ប្រភព​ពី៖ Channel News Asia

Advertisement