Tiger, Rory និង​អតីតម្ចាស់​​ជើង​ឯក​ជាច្រើន ត្រៀម​ប្រជែង​គ្នា​ក្នុង PGA

កីឡាករ​វាយកូន​គោល Tiger Woods, Rory McIlroy និង​អតីត​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​ធំ​ៗ​ចំនួន​ 29នាក់ផ្សេង​ទៀត បាន​ចាប់​ផ្តើម​​ត្រៀម​លក្ខណៈ​របស់​ខ្លួន​ក្នុងការ​ចាប់​ដៃ​គូ​ប្រកួត​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍ ខណៈ​ដែល​ការ​ប្រ​កួត​បែប​ហ្វឹកហាត់​នានា បាន​ចាប់ផ្តើម​កាលពីថ្ងៃ​ចន្ទ សម្រាប់​ព្រឹត្តិការណ៍ PGA Championship លើក​ទី​100​។

កីឡាករ​កំពូល​ៗ​ចំនួន​ 98នាក់​ក្នុង​ចំណោម​កីឡាករ​មាន​ចំណាត់​ថ្នាក់​កំពូល​ទាំង​100 ​របស់​ពិភព​លោក នឹង​ត្រូវ​ប្រមូលផ្តុំ​គ្នានៅ​លើ​ទីលាន Bellerive Country Club សម្រាប់​ការប្រកួត​ដណ្តើមពាន​រង្វាន់​ធំ​ចុងក្រោយ​គេ​នៅ​ឆ្នាំ​នេះ ដែលនឹង​ចាប់​​ផ្តើម​ប្រកួតនៅ​ថ្ងៃ​ព្រហស្បតិ៍​។

Woods ម្ចាស់​ជើង​​ឯក​ពាន​រង្វាន់​ធំ​ 14​សម័យ​កាល នឹង​ព្យា​យាម​បញ្ចប់​ការ​មិន​ស្គាល់​ឈ្នះ​សោះ​របស់​ខ្លួន​រយៈ​ពេល​ 10ឆ្នាំក្រោយនេះ បន្ទាប់ពី​ការ​វះកាត់​​ឆ្អឹង​ខ្នង​របស់​គេ ស្រប​ពេល​ដែលម្ចាស់​ជើង​​ឯក​​ពាន​រង្វាន់​ធំ​ 3​សម័យ​កាល Jordan Spieth នឹង​ព្យា​យាម​បំពេញ​ការ​ឈ្នះពាន​រង្វាន់​ធំ​ៗ​ទាំង​អស់​ក្នុង​​អាជីព​របស់​គេ​។ កីឡាករ​កំពុង​តែ​មាន​ទម្រង់​លេងល្អ McIlroy ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​ធំ​ 4​សម័យ​កាល និង​ជា​ម្ចាស់​ជើង​​ឯក​រង Open Championship រួម​ជាមួយ​នឹង​ម្ចាស់​ជើង​ឯក​ពាន Master គឺ Patrick Reed, កីឡាករ Brooks Koepka ​ម្ចាស់​ជើង​ឯក US Open 2​សម័យ​កាល និង Francesco Molinari ដែល​ជាម្ចាស់​ការពារ​តំណែង​ជើង​​ឯក Open Championship សុទ្ធ​សឹង​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ខ្លាំង​ៗ​ដែល​ត្រូវ​ចាប់​អារម្មណ៍​សម្រាប់​យុទ្ធ​នាការ​ធំ​ចុងក្រោយ​គេ​ក្នុង​ឆ្នាំ​2018នេះ​​។​

កីឡាករ Koepka បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ចូល​ចិត្ត​ការ​រៀប​ចំ​របស់​ព្រឹត្តិការណ៍ PGA​។ វា​ពិត​ជាលំបាកណាស់​ និង​ជា​ការ​ប្រជែងដ៏ស្វិតស្វាញ​មួយ​​»​៕

ប្រភព​ពី៖ sports.yahoo.com

Advertisement