Higuain នឹងចូលរួម​ជាមួយ​ក្លិប AC Milan ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី Juventus

ខ្សែប្រយុទ្ធ​អន្តរជាតិ​អា​ហ្ស​ង់​ទីន Gonzalo Higuain ត្រូវបាន​រំពឹងទុក​ថា នឹង​ផ្ទេរ​ទៅកាន់​ក្លិប AC Milan ក្នុង​កិច្ចសន្យា​រយៈពេល 1រដូវ​កាល​ពេញ​ពី​ក្លិប​ដែល​លេង​ក្នុង​ក្របខ័ណ្ឌ Serie A ដូចគ្នា​គឺ Juventus ក្រោយពី​ការចូលរួម​របស់​តារា​ឆ្នើម Cristiano Ronaldo កាលពី​ដើមខែ​នេះ​ជាមួយនឹង​ក្លិប​សេះបង្កង់​មួយ​នេះ។

ក្លិប AC Milan នឹង​ចំណាយ​ប្រាក់ 18លាន​អឺរ៉ូ (ស្មើនឹង 21លាន​ដុល្លារ​អាមេរិក) សម្រាប់​ការខ្ចី​ជើង​នេះ ជាមួយនឹង​ជម្រើស​ទិញយក​ដាច់​ក្នុងតម្លៃ​ខ្លួន 36លាន​អឺរ៉ូ នៅពេល​ចុងរដូវ​កាល​ខាងមុខនេះ។ ក្លិប Chelsea របស់​ក្របខ័ណ្ឌ Premier League បាន​ចាប់អារម្មណ៍​ទៅលើ Higuain វ័យ 30ឆ្នាំ ប៉ុន្តែ​ខ្សែប្រយុទ្ធ​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ ហាក់ដូចជា​ត្រូវតែ​បន្ត​នៅក្នុង​ក្របខ័ណ្ឌ Serie A។

Higuain បាន​ផ្ទេរ​ទៅកាន់​ក្លិប Juventus កាលពី​ឆ្នាំ2016 សម្រាប់​តម្លៃ​ខ្លួន 90លាន​អឺរ៉ូ និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី 40គ្រាប់​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Serie A  76លើក។ ប៉ុន្តែ ការ​ទិញយក Ronaldo ដ៏​មិន​នឹកស្មាន​ដល់​ពី​ក្លិប Real Madrid មានន័យថា រូបគេ​គឺជា​ជំនួស​លើស​ទៅនឹង​តម្រូវការ​ក្នុង​ក្រុម​របស់លោក Max Allegri៕

ប្រភពពី៖ BBC

Advertisement