ឥណ្ឌូនេស៊ី អញ្ជើញលោក គីម ជុង​អ៊ុន មក​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អាស៊ី

ប្រទេស​ឥណ្ឌូនេស៊ី បាន​អញ្ជើញ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន ឱ្យមក​ចូលរួម​ក្នុង​កម្មវិធី​បើក​ការប្រកួត​ព្រឹត្តិការណ៍​កីឡា​អាស៊ី ឬ Asian Games ក្នុង​ទីក្រុង​ហ្សា​ការ​តា នៅ​ខែសីហា​នេះ ក្រោយពី​បានធ្វើ​ការអញ្ជើញ​ដូចគ្នានេះ​ទៅកាន់​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Moon Jae-in។

កូរ៉េខាងជើង និង​កូរ៉េខាងត្បូង អាច​នឹង​ក្លាយជា​តួអង្គ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ជាងគេ​ក្នុង​ព្រឹត្តិការណ៍​កីឡា​មួយ​នេះ ជាពិសេស​ស្រប​ពេលដែល​កំពុង​តែមាន​ភាពស្រពេចស្រពិលផ្សេងៗជុំវិញ​ការសន្យា​របស់លោក គីម ក្នុងការ​ធ្វើការ​ដើម្បី​លុបចោល​កម្មវិធី​នុយក្លេអ៊ែរ ខណៈ​ការសន្យា​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​ជាមួយនឹង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ក្នុងប្រទេស​សិង្ហ​បុរី កាលពី​ខែមិថុនា​កន្លងទៅ។

រដ្ឋមន្ត្រី​ជាច្រើន​មកពី​កូរ៉េ​ទាំង២ បាន​យល់ព្រម​កាលពី​ខែមេសា ក្នុងការ​ជំរុញឱ្យមាន​ប្រតិភូ​រួមមួយ​មកពី​ប្រទេស​ទាំង២ ដើម្បី​ដើរ​ជា​ក្បួន​រួមគ្នា​ក្នុង​កម្មវិធី​បើក នា​ព្រឹត្តិការណ៍ Asian Games ដែល​នឹងត្រូវ​រៀបចំឡើង​នៅ​ខែសីហា​នេះ និង​ខែកញ្ញា​ខាងមុខ។ មន្ត្រី​ឥណ្ឌូនេស៊ី ដែល​ត្រូវបាន​ដឹកនាំ​ដោយ​លោក Puan Maharani រដ្ឋមន្ត្រី​សម្របសម្រួល​អភិវឌ្ឍន៍​ធនធានមនុស្ស និង​ការងារ​វប្បធម៌ បានធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​កូរ៉េខាងជើង នៅ​សប្តាហ៍​នេះ ដើម្បី​ជួប​ជាមួយនឹង​លោក Kim Yong Nam ដែលជា​ប្រមុខរដ្ឋ និង​ជា​ប្រធានសភា​កូរ៉េខាងជើង។

លោក Maharani បានឱ្យដឹង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដែល​ត្រូវបាន​ចេញផ្សាយ​ដោយ​អង្គភាព​នគរបាលជាតិ​ឥណ្ឌូនេស៊ី​ថា៖ «ហេតុផល​ដ៏​ចម្បង​សម្រាប់​យើង​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង គឺ​ការផ្តល់​ការអញ្ជើញ​ជា​ផ្លូវការ​មួយ​ទៅកាន់​ប្រធានាធិបតី​កូរ៉េខាងជើង ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​បើក​ការប្រកួត​កីឡា​អាស៊ី ចាប់ពី​ថ្ងៃទី18 ខែសីហា​នេះ​តទៅ»៕

ប្រភពពី៖ Channel News Asia

Advertisement