ក្លិប Barca ចុះហត្ថលេខា​យក Malcom ពី Bordeaux ខណៈ Roma គិតពី​វិធានការ​ច្បាប់

ក្លិប Barcelona បាន​ឈានដល់​ការព្រមព្រៀង​គ្នា​មួយ​ដើម្បី​ចុះហត្ថលេខា​ជាមួយនឹង Malcom ពី​ក្លិប Bordeaux សម្រាប់​តម្លៃ​ខ្លួន 41លាន​អឺរ៉ូ (ស្មើនឹង 47.89លាន​ដុល្លារ​អាមេរិក) ត្រឹមតែ​រយៈពេល 1ថ្ងៃ ក្រោយពី​ក្លិប Roma បានប្រកាសថា ពួកគេ​បាន​ឈានដល់​ការ​ព្រមព្រៀងគ្នា​មួយ​របស់​ពួកគេ​ដែរនោះ។

ខ្សែប្រយុទ្ធ​វ័យ 21ឆ្នាំ​រូបនេះ ហាក់​នឹងត្រូវ​ផ្ទេរ​ទៅកាន់​ក្លិប Roma ទៅហើយ​កាលពី​ថ្ងៃ​ចន្ទ ក្រោយពី​ទាំង​ក្លិប Roma និង Bordeaux សុទ្ធសឹង​បានប្រកាស​ពី​ការ​ព្រមព្រៀងគ្នា​មួយ​នៅពេលដែល​តម្លៃ​ខ្លួន​ប្រមាណ​ជា 40លាន​អឺរ៉ូ ត្រូវបាន​ឯកភាព។ បន្ទាប់មក​ស្រាប់តែ Barcelona បាន​ហក់​ចូលទៅ​ក្នុងការ​ប្រជែង​ជាមួយនឹង​សំណើ​មួយ​នៅ​នាទីចុងក្រោយ ហើយ Malcom បច្ចុប្បន្ន​បាន​យល់ព្រម​លើ​កុងត្រា​រយៈពេល 5ឆ្នាំ​នៅឯ​កីឡដ្ឋាន Camp Nou។ លោក Monchi ប្រធាន​ផ្នែក​កីឡា​របស់​ក្លិប Roma បាន​បញ្ចេញមតិ​ចំពោះ​ការបរាជ័យ​របស់​ពួកគេ​ក្នុង​ការផ្ទេរ Malcom ក្នុង​វីដេអូ​មួយ​នៅក្នុង​បណ្តាញ​សង្គម Twitter របស់​ក្លិប​នេះ និង​ហាក់ដូចជា​បាន​ស្តីបន្ទោស​ទៅលើ​ក្លិប Bordeaux។ បុរស​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ បាន​បញ្ជាក់ថា ក្លិប​របស់គាត់​អាច​នឹង​ពិចារណា​ទៅលើ​ការចាត់វិធានការ​ផ្នែក​ច្បាប់។

ឯ Barcelona ដែល​ការផ្ទេរ​របស់​ពួកគេ​សម្រាប់​កីឡាករ​រូបនេះ​ក៏បាន​រាប់បញ្ចូល​ទាំង​ប្រាក់រង្វាន់​បន្ថែម 1លាន​អឺរ៉ូ ផងដែរ​នោះ បានឱ្យដឹងថា៖ «តារា​ឆ្នើម​ប្រេ​ស៊ី​ល​រូបនេះ នឹង​ទទួល​ការពិនិត្យ​សុខភាព​នៅ​ថ្ងៃ​ពុធ​នេះ ហើយ​បន្ទាប់មក​គេ​ចូលរួម​ក្នុង​ដំណើរ​ប្រកួត​របស់​ក្លិប FC Barcelona លើ​ទឹកដី​អាមេរិក​តែម្តង»៕

ប្រភពពី៖ The Guardian

Advertisement