Richarlison នឹងត្រូវ​ផ្ទេរ​ទៅ Everton ក្នុង​រយៈពេល 24ម៉ោង​ទៀត

Richarlison នឹងត្រូវ​បំពេញ​ការផ្ទេ​រ​របស់គេ​ក្នុងតម្លៃ​ខ្លួន 50លាន​ផោន (ស្មើនឹង 65.5លាន​ដុល្លារ​អាមេរិក) ទៅកាន់​ក្លិប Everton ក្នុង​រយៈពេល 24ម៉ោង​ទៀត​ចាប់ពីពេលនេះ​ទៅ។

ខ្សែបម្រើ​ស្លាប​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ បានទទួល​ការពិនិត្យ​សុខភាព​នៅ Everton កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ក្រោយពី​ក្លិប​ទូកក្តោង​មួយ​នេះ បាន​យល់ព្រម​លើ​ការផ្ទេរ​មួយ​ជាមួយនឹង​ក្លិប Watford កាលពី​ចុង​សប្តាហ៍​ថ្មី​នេះ។ Richarlison វ័យ 21ឆ្នាំ នឹង​ក្លាយជា​កីឡាករ​ចំណូល​ថ្មី​ដំបូង​គេ​របស់លោក Marco Silva នៅក្នុង​ក្លិប​នេះ ខណៈដែល​រូបគេ​ត្រូវ​ដើរ​តាម​អតីត​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​របស់គេ​ពី​កីឡដ្ឋាន Vicarage Road។

Richarlison បាន​ចូលរួម​ជាមួយនឹង​ក្លិប Watford ដោយ​ចេញពី​ក្លិប Fluminense សម្រាប់​តម្លៃ​ខ្លួន 13លាន​ផោន កាលពី​ខែសីហា និង​បានបង្ហាញ​ពី​ទម្រ​ង​លេង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ក្នុង​រដូវ​កាល​ទី1 របស់គេ​ក្នុង​ក្របខ័ណ្ឌ Premier League ដោយបាន​ស៊ុត​បាល់​បញ្ចូល​ទី 5គ្រាប់ ក្នុងការ​បង្ហាញខ្លួន 12លើកដំបូង​របស់គេ។

Everton មិនទាន់​ទិញ​ចូល​កីឡាករ​ថ្មី​ណា​ម្នាក់​នៅឡើយ​ទេ​ក្នុងពេល​បើក​ទីផ្សារ​ដោះដូរ​កីឡាករ​នៅពេលនេះ បើទោះបីជា​ធ្លាប់បាន​ទាក់ទង​ជាមួយនឹង​ខ្សែការពារ Lucas Digne របស់​ក្លិប Barcelona ក៏ដោយ។ Richarlison ត្រូវបាន​រំពឹងទុក​ថា នឹង​ចុះហត្ថលេខា​លើ​កុងត្រា​រយៈពេល 5ឆ្នាំ និង​ចាប់ផ្តើម​ការហ្វឹកហាត់​នៅមុន​ពេល​បើក​រដូវ​កាល​របស់គេ​ជាមួយនឹង​ក្លិប​ថ្មី​នៅ​សប្តាហ៍​នេះ៕

ប្រភពពី៖ Daily Star

Advertisement