លោក មាស សំអឿន សរសើរ U-15នារីកម្ពុជា ក្រោយឈ្នះត្រឹមលេខ៤នៃពាន AFF U-15 Girls 2017

បើទោះបីជាក្រុមបាល់ទាត់នារីជម្រើសជាតិក្រោមអាយុ១៥ឆ្នាំកម្ពុជាទទួលបានត្រឹមចំណាត់ថ្នាក់លេខ៤ក្នុងព្រឹត្តិការណ៍បាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ AFF U-15 Girls’ Championship 2017 នៅប្រទេសឡាវកាលពីសប្ដាហ៍មុននោះក៏ដោយ ក៍គ្រូបង្វឹកលោកមាស សំអឿនបានកោតសរសើរពីឆន្ទៈរបស់កូនក្រុមដែលបានខិតខំព្យាយាមរហូតអស់ពីលទ្ធភាពដែរ។

លោក មាស សំអឿន គ្រូបង្វឹកក្រុមបាល់ទាត់នារីជម្រើសជាតិក្រោមអាយុ១៥ឆ្នាំកម្ពុជា បានកើតសរសើរបែបនេះកាលពីល្ងាចថ្ងៃទី២១ ខែឧសភាម្សិលមិញនេះ ក្រោយពីក្រុមបាល់ទាត់នារីកម្ពុជាវិលត្រឡប់ពីប្រទេសឡាវ មកដល់មាតុភូមិរបស់ខ្លួនវិញ។

ជាមួយគ្នានេះដែរ កីឡាការិនី ញ៉ ស្រីណែត បានលើកឡើងផងដែរថា៖ ថ្វីត្បិតយុទ្ធនាការចូលរួមប្រកួតពានរង្វាន់ AFF U-15 Girls’ Championship 2017 នេះ ក្រុមកីឡាការិនីកម្ពុជាយើងទទួលបានត្រឹមចំណាត់ថ្នាក់លេខ៤ក្ដី ប៉ុន្ដែវាបានបង្ហាញឱ្យឃើញពីភាពរីកចម្រើននៃវិស័យបាល់ទាត់នារីនាពេលបច្ចុប្បន្ន។ យ៉ាងណាមិញនាងក៏បានទទួចសុំឲ្យមានការចូលរួមអភិវឌ្ឍដើម្បីជំរុញវិស័យបាល់ទាត់នារីកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ក្នុងការចូលរួមប្រកួតប្រជែងលើឆាកអន្ដរជាតិផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ាននេះបានធ្វើឡើងកាលពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី២០ ខែឧសភាកន្លងទៅ ដោយក្រុមបាល់ទាត់នារីកម្ពុជាស្ថិតក្នុងពូលB និងបញ្ចប់ការប្រកួតសន្សំពិន្ទុត្រឹមចំណាត់ថ្នាក់លេខ២ បន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់នារីសិង្ហបុរី ២-១ ចាញ់ហ្វីលីពីន ៣-០ និងចុងក្រោយស្មើឥណ្ឌូនេស៊ី ១-១ ដើម្បីបន្ដដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលចាញ់ក្រុមខ្លាំងថៃ ៦-០ ។

បន្ទាប់មកទើបប្រកួតចាញ់ក្រុមកីឡាការិនីមីយ៉ាន់ម៉ា ៣-១ ក្នុងជំនួបដណ្ដើមចំណាត់ថ្នាក់លេខ៣ ។ រីឯក្រុមជើងឯក គឺបានទៅក្រុមខ្លាំងថៃ ក្រោយពីយកឈ្នះហ្វីលីពីន ៦-២ កាលពីចុងសប្ដាហ៍កន្លងទៅ៕

Advertisement