ក្រុមខ្លាំងៗ ត្រៀម​រួចរាល់​សម្រាប់​ការប្រកួត​វគ្គ 1/4 ផ្តាច់ព្រ័ត្រ​នៃ World Cup

ព្រឹត្តិការណ៍ World Cup បាន​ផ្អាក​ការប្រកួត​កាលពី​ថ្ងៃ​ពុធ ខណៈដែល​ក្រុម​ដែល​នៅតែមាន​វត្តមាន​ចំនួន 8ក្រុម ត្រៀម​សម្រាប់​ការប្រកួត​វគ្គ1/4ផ្តាច់ព្រ័ត្រ ក្រោយពី​អង់គ្លេស បាន​ក្លាយជា​ក្រុម​ចុងក្រោយ​គេ ក្នុងការ​ឈ្នះ​សិទ្ធិ​ទៅ​វគ្គ​បន្ត ក្រោយពី​ការយក​ឈ្នះ​ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី លើ​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី។

ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល របស់​តារា​ឆ្នើម Neymar គឺជា​ក្រុម​មាន​ក្តីសង្ឃឹម​ច្រើនជាងគេ​ក្នុង​ការលើក​ពាន World Cup ជា​លើក​ទី6 របស់​ពួកគេ​នា​កីឡដ្ឋាន Luzhniki ក្នុង​ទីក្រុង​ម៉ូស្គូ នា​ថ្ងៃទី15 ខែកក្កដា ប៉ុន្តែ ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង បែលហ្ស៊ិក និង​អ៊ុយ​រូ​ហ្គា​យ នឹង​ក្លាយជា​ឧបសគ្គ​របស់​ពួកគេ ក្នុងការ​ប្រជែង​យក​កៅអី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ។

ក្រុម​ជម្រើសជាតិ​អង់គ្លេស​របស់លោក Gareth Southgate គឺជា​អតីត​ម្ចាស់​ជើងឯក​តែមួយ​ដែល​ស្ថិតក្នុង​បណ្តុំ​នៃ​ការចាប់​ឆ្នោត​មួយទៀត រួមជាមួយ​នឹង​ក្រុម​ម្ចាស់ផ្ទះ​រុស្ស៊ី ក្រូ​អាស៊ី និង​ស៊ុយអែត។ ការ​ដណ្តើមបាន​ជ័យជម្នះ​របស់​អង់គ្លេស លើ​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី កាលពី​ថ្ងៃ​អង្គារ បានធ្វើឱ្យ​ក្រុម​របស់លោក Southgate ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ស៊ុយអែត ដែល​បាន​ទម្លាក់​ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស ក្នុង​លទ្ធផល 1-០ ក្នុង​វគ្គ 16ក្រុម​ចុងក្រោយ។

លោក Southgate បាន​បញ្ជាក់ថា លោក​បាន​ផ្តោតអារម្មណ៍​រួចជាស្រេច​ចំពោះ​ការប្រកួត​វគ្គ 8ក្រុម​ចុងក្រោយ​នៅ​ថ្ងៃ​សៅរ៍​នេះ ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស ក្នុង​ទីក្រុង Samara ដើម្បី​ប្រជែង​យក​កៅអី​ទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ពោលគឺ​ដើម្បី​ជួប​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី ឬ​រុស្ស៊ី។

លោក Southgate ដែល​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​មិន​ចូល​ទី​ផ្ទាល់​របស់លោក បានធ្វើឱ្យ​អង់គ្លេស ចាញ់​ក្រុម​អាល្លឺម៉ង់ ក្នុង​វគ្គ1/2ផ្តាច់ព្រ័ត្រ ក្នុង Euro ឆ្នាំ1996 នា​កីឡដ្ឋាន Wembley នោះ បានឱ្យដឹងថា៖ «នេះ​ពិតជា​ពិសេស​ណាស់ ប៉ុន្តែ ខ្ញុំ​ចង់ឱ្យ​យើង​បន្តដំណើរ​ទៅមុខ»៕

ប្រភពពី៖ Channel News Asia

Advertisement