ស៊ុយ​អែត ទម្លាក់​ស្វ៊ីស​ទាំង​ប្រផិត​ប្រផើយ ដើម្បី​ឈាន​​ទៅ​វគ្គ​ 8​ក្រុមនៃ World Cup

ការ​ស៊ុត​បាល់​​ប្លាត​ 1​គ្រាប់​ពីសំណាក់​ខ្សែ​បម្រើ Emil Forsberg បាន​ជួយ​ឱ្យក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ស៊ុយ​អែត ដណ្តើម​បាន​ជ័យជម្នះក្នុងលទ្ធផល 1-០ លើ​ក្រុមជ្រើស​ជាតិស្វ៊ីស ក្នុងការ​ប្រកួត​វគ្គ​ 16ក្រុមចុងក្រោយ​កាល​ពី​ថ្ងៃ​អង្គារ ខណៈ​ដែល​ជ័យជម្នះនេះ បាន​ជួយ​ឱ្យពួក​គេ​ឈាន​ទៅ​ប្រកួត World Cup វគ្គ​8ក្រុមចុងក្រោយ ជាលើក​ទី​1 ក្នុង​រយៈពេល​ 24​ឆ្នាំ​។

ការ​ជួប​ជាមួយនឹងក្រុម​ជម្រើស​ជាតិអង់គ្លេស កំពុង​តែ​រង់​ចាំ​​ក្រុមរ​បស់​លោក JanneAndersson នៅ​វគ្គ​បន្ទាប់ នៅ​ថ្ងៃ​សៅរ៍ ខាងមុខនេះ​។ ខ្សែ​ការ​ពារ​អន្តរ​ជាតិ​ស្វ៊ីស Michael Lang បាន​រង​ពិន័យ​កាត​ក្រហម នៅ​ពេលជិត​បញ្ចប់​ការ​ប្រកួត សម្រាប់​ការ​រុញ​កីឡាករ Martin Olsson ហើយ​លោក​អាជ្ញា​កណ្តាល DamirSkomina បាន​លុប​ចោល​ការ​ផ្តល់​ការពិន័យ​ប៉េ​ណាល់​ទី ទៅ​ជា​ការ​ស៊ុត​បាល់​ពិន័យ Free-kick នៅក្បែរ​ប្រអប់​​គ្រោះថ្នាក់​។

ប៉ុន្តែ ការ​ប្រកួត​នេះ ​បានកាត់​សេចក្តី​​រួច​ស្រេច​ទៅហើយ។ គ្រាប់បាល់​បញ្ចូល​ទីក្នុង​តង់​ទី​2 ​របស់ Forsberg ដែល​បាន​ប្លាត​ចេញ​ពី​ខ្សែ​ការ​ពារ Manuel Akanji មាន​ន័យ​ថា ក្រុម​ជម្រើស​ជាតិ​ស៊ុយ​អែត នឹង​​ត្រូវ​ឈាន​ទៅ​វគ្គ​ 8​ក្រុម​ចុងក្រោយ​នៃ World Cup ជាលើក​ទី​1 ចាប់​តាំងពីឆ្នាំ​1994 នៅ​សហ​រដ្ឋ​អាមេរិក​។

លោក Andersson គ្រូបង្វឹកនៃក្រុម​ជម្រើស​ជាតិ​ស៊ុយ​អែត បាន​ឱ្យ​​ដឹងថា៖ «វា​ជា​រឿង​ដ៏គួរ​ឱ្យ​ភ្ញាក់ផ្អើល ក្នុងកា​រឈរ​នៅលើ​ទីលាន​ប្រកួត ដោយ​​ឮអ្នក​គាំទ្រ​ហៅ​ឈ្មោះ​របស់​ខ្ញុំ ប៉ុន្តែ កីឡា​បាល់​ទាត់ គឺ​ជាកីឡា​ជាក្រុម ហើយក្រុ​ម​នេះ​គឺ​ជា​តួ​​អង្គ​នោះ​។ យើង​ទាំង​អស់គ្នា ខិត​ខំព្យា​យាម​យ៉ាង​ខ្លាំង​ទាំងនៅក្នុង​ និងក្រៅ​ទីលាន​​»​៕

ប្រភព​ពី៖ Channel News Asia

Advertisement