កូរ៉េ​ទាំង2 នឹង​បង្កើត​ក្រុម​រួមគ្នា​ក្នុង​ប្រភេទ​កីឡា 3មុខ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី

កូរ៉េខាងជើង និង​ខាងត្បូង នឹង​ប្រើប្រាស់​ក្រុម​រួមគ្នា​ក្នុង​ប្រភេទ​កីឡា 2យ៉ាង ដែល​រួម​មានការ​ប្រណាំងទូក​កា​នូ ទូក​ចែវ និង​កីឡាបាល់បោះ​ផ្នែក​នារី​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី។ នេះ​បើ​យោងទៅតាម​គណៈកម្មការ​រៀបចំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈដែល​វា​កំពុង​បង្ហាញ​ពីស​ញ្ញា​នៃ​ការកាត់បន្ថយ​នូវ​ភាព​តានតឹង​នានា។

ប្រទេស​ទាំង2 ក៏​នឹង​ដើរ​ជា​ក្បួន​រួមគ្នា​ក្នុង​កម្មវិធី​បើក និង​បិទ​ផងដែរ​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​ទ្វីប​មួយ​នេះ ដែល​នឹងត្រូវ​រៀបចំឡើង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ចាប់ពី​ថ្ងៃទី18 ខែសីហា ដល់ទី2 ខែកញ្ញា។ គណៈកម្មាធិការ​អូឡាំពិក​ជាតិ​របស់​កូរ៉េខាងត្បូង​បាន​ប្រាប់ AFP ថា អង្គភាព​គ្រប់គ្រង​របស់​ប្រទេស​នេះ​បាន​សម្តែង​នូវ​ការចាប់អារម្មណ៍​ក្នុងការ​បង្កើត​ក្រុម​រួមគ្នា​សម្រាប់​កីឡាបាល់បោះ យូ​ដូ កា​នូ កាយសម្ព័ន្ធ វាយ​កូនឃ្លី​លើ​តុ ចែវ​ទូក និង​កីឡា​សូ​ហ្វ​តេ​នី​ស។

ទីក្រុង​សេ​អ៊ូ​ល និង​ទីក្រុង​ព្យុងយ៉ាង បាន​យល់ព្រម​នៅ​ខែ​នេះ​ក្នុង​ការបង្កើត​ក្រុម​រួមគ្នា​នានា​សម្រាប់​ប្រភេទ​កីឡា​មួយចំនួន បើទោះបី​ការកំណត់​យក​កីឡា​ដ៏​ជាក់លាក់​ទើបតែ​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក៏ដោយ ក្រោយពី​កិច្ចប្រជុំ​មួយ​ក្នុង​ទីក្រុង​ហ្សា​ការ​តា រវាង​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត និង​មន្ត្រី​តំណាង​ប្រទេស​ទាំង2។

ក្រោយពី​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក SjafrieSjamsoeddin អនុប្រធាន​រៀបចំ​ការប្រកួត​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា៖«យើង​មិនបាន​បន្ថែម​កីឡា​ជាច្រើន​ទៀតឡើយ។ យើង​ត្រូវតែមាន​ភាព​តឹងរ៉ឹង​ជាមួយនឹង​កម្មវិធី​ប្រកួត ហេតុនេះ​វា​នឹងមិន​មានការ​ផ្លាស់ប្តូរ​បន្ថែម​ទៀតឡើយ»៕

ប្រភពពី៖ Channel News Asia

Advertisement