បែលហ្ស៊ិក ឈរ​លេខ1 លើ​អង់គ្លេស ខណៈ​ជប៉ុន​បាន​ទៅ​វគ្គ 16ក្រុម

ក្រុមបាល់ទាត់​ជម្រើសជាតិ​បែលហ្ស៊ិក បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ដើម្បី​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ1 ក្នុងការ​ប្រកួត​វគ្គ​ចែក​ពូ​ល​នៃ​យុទ្ធនាការ World Cup របស់​ពួកគេ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រោយពី​ក្រុម​ជម្រើសជាតិ​ជប៉ុន​បាន​ឈានទៅ​វគ្គ​បន្ទាប់ ដោយសារតែ​មានកំណត់​ត្រា​ផ្នែក​វិន័យ​ល្អ​ជាង។

ការដណ្តើម​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល 1-០ សម្រាប់​ក្រុម​ដែលមាន​ការផ្លាស់ប្តូរ​ច្រើន​របស់លោក Roberto Martinez ក្នុង​ទីក្រុង Kaliningrad នឹងធ្វើ​ឱ្យ​ពួកគេ​ទៅ​ជួប​ក្រុម​ជម្រើសជាតិ​ជប៉ុន ដែល​បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ2 ពីលើ​ក្រុម​សេ​ណេ​ហ្គា​ល់ បើទោះបី​ចាញ់​ក្រុម​ជម្រើសជាតិ​ប៉ូឡូញ​ក្នុង​លទ្ធផល 1-០ ក្នុងការ​ប្រកួត​ចុងក្រោយ​នៃ​ពូ​ល​របស់​ពួកគេ​ក៏ដោយ។

ស្របពេល​ជាមួយគ្នានេះ ក្រុម​ជម្រើសជាតិ​អង់គ្លេស​នឹងត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី ក្នុងការ​ប្រកួត​វគ្គ 16ក្រុម​ចុងក្រោយ បន្ទាប់ពី​ក្រុម​របស់​អាមេរិក​ខាងត្បូង​មួយ​នេះ​បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​សេ​ណេ​ហ្គា​ល់ 1-០ ដើម្បី​បញ្ចប់​ដោយ​ការ​ឈរ​លេខ1 ក្នុង​ពូ​ល​របស់​ពួកគេ។ ប៉ុន្តែ លទ្ធផល​នេះ​ក៏មាន​ន័យ​ផងដែរ​ថា ក្រុម​ប្រជុំ​ដោយ​កីឡាករ​វ័យក្មេង​របស់​លោក Gareth Southgate គេច​ផុតពី​ការជួប​ក្រុមខ្លាំងៗក្នុងប្រទេស​រុស្ស៊ី ដូចជា​ក្រុម​ជម្រើសជាតិ​បារាំង អា​ហ្ស​ង់​ទីន ព័រ​ទុយ​ហ្គា​ល់ និង​ប្រេ​ស៊ី​ល។

លោក Martinez គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក ពិតជា​រីករាយ​ណាស់​ជាមួយនឹង​ជ័យជម្នះ​នេះ តាមរយៈ​ការបញ្ជា​ក់ថា វា​មិនអាច​ទៅរួច​ឡើយ​ក្នុងការ​រៀបចំ​ផែនការ​អវិជ្ជមាន​ក្នុង​ព្រឹត្តិការណ៍ World Cup នោះ។

គ្រូបង្វឹក​រូបនេះ​បានឱ្យដឹងថា៖ «កីឡាករ​ចំណូល​ថ្មី​ជាច្រើន​សង្ឃឹមថា អាច​ចូល​លេង ហើយ​ពួកគេ​ធ្វើឱ្យ​ខ្ញុំ​រីករាយ។ យើង​មាន​ក្រុម​ដ៏​ខ្លាំង​មួយ ដែល​យើង​បានធ្វើ​កាលពី 90នាទី​មុន»។ ស្របពេល​ជាមួយគ្នានេះ លោក Southgate បាន​ចាត់ទុកថា ការ​ប្រក​ត​វគ្គ 16ក្រុម​ចុងក្រោយ​របស់​អង់គ្លេស នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី គឺជា​ការប្រកួត​ដ៏​ធំ​បំផុត​របស់​ក្រុម​លោក​សម្រាប់​រយៈពេល 1ទសវត្សរ៍​កន្លងមក​នេះ៕

ប្រភពពី៖ Sport24

Advertisement