Roma ទាម​ទារ​តម្លៃខ្លួន​ 79​លានផោនពី Liverpool សម្រាប់ Alisson Becker

ក្លិប Roma ពោរ​ពេញ​ដោយ​ក្តី​សង្ឃឹមថា ​ការ​ទាម​ទារ​​សម្រាប់​តម្លៃខ្លួន​​ជា​កំណត់ត្រា​ពិភព​លោក​សម្រាប់​អ្នក​ចាំ​ទី Alisson Becker នឹង​ធ្វើ​ឱ្យ​ក្លិប Liverpool រា​រែក​ក្នុង​ការ​ចុះហត្ថលេខា​ជាមួយ​នឹង​អ្នក​ចាំ​ទី​រូបនេះ​។ ក្លិប​របស់ក្រប​ខ័ណ្ឌ​អ៊ី​តាលី Serie A មួយ​នេះ កំពុង​តែ​សង្ឃឹម​ថា នឹង​​អាច​រក្សា​ទុក Alisson ដែល​បាន​ធ្វើ​ឱ្យរូប​គេ​ផ្ទាល់​​ក្លាយ​ជា​អ្នក​ចាំ​ទីម្នាក់​ក្នុង​ចំណោម​អ្នក​ចាំ​ទី​ដ៏ឆ្នើម​បំផុត​ក្នុងពិភព​លោក​។

Alisson នឹង​ធ្វើ​ដំណើរ​ទៅកាន់​ព្រឹត្តិការណ៍ World Cup ក្នុង​ប្រទេស​រុស្ស៊ី ក្នុង​នាម​ជា​អ្នក​ចាំ​ទី​ជម្រើស​ទី​1​របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល ក្រោយពី​បាន​​យក​ឈ្នះ​លើ​តារាឆ្នើម Ederson របស់​ក្លិបManchester City សម្រាប់​តំណែង​ទី​1នេះ​​។ កា​សែត The Guardian បាន​ចេញ​ផ្សាយ​ថា Roma សង្ឃឹម​ថា ​តម្លៃ​ខ្លួន​ 79លាន​ផោន (ស្មើ​នឹង​ 104​លាន​ដុល្លារ​អាមេរិក) សម្រាប់ Alisson ដែល​​នឹងក្លាយ​ជា​​តម្លៃ​ខ្លួន​ជា​កំណត់​ត្រា​សម្រាប់​អ្នក​ចាំ​ទីម្នាក់ នឹង​បញ្ឈប់​ក្លិប Liverpool ក្នុងការ​ព្យា​យាម​ទិញ​របស់​ពួក​គេ​។ លោក Jurgen Klopp មាន​គោល​ដៅ​ទៅលើ​អ្នក​ចាំ​ទី​​ដ៏ឆ្នើម​ថ្មីម្នាក់ បន្ទាប់​ពី​ការ​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​អន់​របស់​​អ្នក​ចាំ​ទី Loris Karius ក្នុង​ពេល​ចាញ់​ការប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ ក្រោមស្នា​ដៃក្រុម Real Madrid កាល​ពី​ថ្ងៃ​សៅរ៍ សប្តាហ៍មុន​។

Roma សង្ឃឹម​​​ថា នឹង​រក្សា​ទុក Alisson ដែល​បាន​ធ្វើ​ឱ្យ​រូបគេ​ផ្ទាល់​ក្លាយ​ជា​អ្នក​ចាំ​ទីម្នាក់​ក្នុង​ចំណោម​អ្នក​ចាំ​ទី​ដ៏ឆ្នើម​បំផុត​ក្នុង​ពិភព​កីឡា​បាល់​ទាត់​ ចាប់​តាំង​ពី​ចូល​រួម​​ជា​មួយ​នឹង​ក្លិប​របស់​អ៊ី​តាលីមួយ​នេះដោយចេញពី​ក្លិប Internacional កាលពីឆ្នាំ​2016​៕

ប្រភព​ពី៖ Metro

Advertisement