Man United កំពុង​តែ​ពិភាក្សា​ដើម្បី​ចុះហត្ថលេខាយក Dalot ពីក្លិប Porto

ក្លិប​បិសាចក្រហម Manchester United កំពុង​តែ​ស្ថិតក្នុង​ការ​ពិភាក្សា​​ដើម្បីចុះហត្ថលេខា​ជា​មួយ​នឹង​ខ្សែ​​ការ​ពារ Diogo Dalot របស់​ក្លិប Porto​។ នេះ​បើយោង​តាម​ការ​ចេញ​ផ្សាយ​​ព័ត៌​មាន​ផ្សេង​ៗ​របស់​អង់គ្លេស​។

លោក Jose Mourinho កំពុង​តែ​ស្ថិតក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​​ដើម្បី​ស្វែង​រក​ខ្សែ​ការ​ពារ​ស្លាប​ស្តាំ​ម្នាក់​​សម្រាប់​ប្រជែង​ជាមួយ​នឹង​កីឡាករ Antonio Valencia ក្នុង​​កន្លែង​មួយ​ក្នុង​ជម្រើស​ទាំង​ 11​នាក់ដំបូង​របស់​ក្រុម Man United ខណៈដែល​អនា​គត​របស់​​កីឡាករ Matteo Darmian ក្នុ​ងក្លិបនេះ ស្ថិតក្នុង​ភាព​ស្រពេច​ស្រពិល​។

Dalot សមា​ជិក​ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់​អាយុ​ក្រោម​ 21​ឆ្នាំ ត្រូវ​បាន​រំពឹង​ទុក​ថា មានលក្ខខណ្ឌរំលាយ​កិច្ច​សន្យា​ចំនួន​ 20​លាន​អឺ​រ៉ូ (ស្មើ​នឹង​ 23​លានដុល្លារ​អាមេរិក) ក្នុង​កិច្ច​សន្យា​របស់​គេ​ជាមួយ​នឹងក្លិប Porto និង​ត្រូវ​បាន​រំពឹង​ទុក​ថា ​ស្ថិត​ក្នុង​ការ​ចាប់​អារម្មណ៍​ពី​ក្លិប​​ធំ​ៗ​ជាច្រើន​របស់​​អឺ​រ៉ុប​។ Dalot ក៏​អាច​លេង​ក្នុង​តំបន់​បម្រើ និង​​ការ​ពារ​ស្លាប​ឆ្វេងបាន​ដែរ ​ជា​តួ​នាទី​ដែល​រូប​គេ​​បាន​លេង​ភាគ​ច្រើនសម្រាប់​ក្រុម​របស់​លោក Sergio Conceicao​។ រូប​គេ​បាន​ចូល​លេង​រយៈពេល​ 90​នាទី​ពេញក្នុង​ពេលក្រុម​ខ្លួន​បាន​បញ្ចប់​ក្នុង​លទ្ធផល ០-០ នៅ​លើ​ទឹកដី​​របស់​ក្រុម Liverpool ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​ 16​ក្រុម​ចុងក្រោយ ជើង​ទី​2 កាលពី​ខែ​មីនា ខណៈ​ដែល Porto បាន​ធ្លាក់​ចេញ​ដោយ​ការ​ទទួលបរា​ជ័យ​ទាំង​ 2​ជើង​ក្នុង​លទ្ធផល 5-០​​។

Darmian ដែល​បាន​លេង​ជាកីឡាករ​បម្រុង​សម្រាប់​លោក Mourinho ក្នុង​តំបន់​ការ​ពារ​ស្លាប​ទាំង​សង​ខាង​នោះ ត្រូវ​បាន​រំពឹង​ទុកថា នឹង​ចាក​ចេញហេតុនេះ Dalot ត្រូវ​បាន​ចាត់​ទុក​ថា ជា​អ្នក​ជំនួស​កន្លែង​របស់​កីឡាករ​អ៊ី​តាលី​រូបនេះ​៕


ប្រភព​ពី៖ Sky Sports

Advertisement