លោក Zidane ៖ Real ពោរ​ពេញ​ដោយ​ការ​ស្រេក​ឃ្លាន​ក្នុង​ការ​លើកពាន Champions League

លោក Zinedine Zidane បាន​ប្រាប់ទៅក្រុម Liverpool ថា ក្រុម Real Madrid របស់​លោក​មាន​ការ​ស្រេក​ឃ្លាន​ខ្លាំងជាង ​ក្នុង​ការ​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Champions League បើ​ទោះ​បី​ធ្លាប់បាន​​ពាន​នេះ​ 3​លើក​ក្នុង​រយៈពេល​ 4​​ឆ្នាំរួចមកហើយ​ក្ដី។​

ក្រុម Real នឹង​ត្រូវ​ធ្វើ​ការ​ប្រជែង​ដើម្បីឈ្នះ​ពាន​ក្នុង​យុទ្ធ​នា​ការ​កំពូល​អឺ​រ៉ុប​​ 3លើក​ជាប់​ៗ​គ្នា​នា​ថ្ងៃសៅរ៍នេះ ស្រប​ពេល​ដែល​ក្រុម Liverpool បាន​ឈាន​មកដល់វគ្គ​ផ្តាច់​ព្រ័ត្រ ជាលើក​ទី​1 បើ​​គិត​ចាប់​តាំងពីឆ្នាំ​2007។ លោក Zidane បាន​ឱ្យ​​ដឹងថា៖ «មិន​មាន​នរ​ណា​ម្នាក់​អាច​ប្រាប់​យើង​ថា យើង​មាន​ការ​ស្រេក​ឃ្លាន​តិច​ជាង​ឡើយ​។ ខ្ញុំ​មិន​អាច​​ថា​ឱ្យ​គូ​ប្រជែងរបស់​យើង​បានឡើយ ប៉ុន្តែ យើង​ចង់​សង្កត់​ធ្ងន់​ថា យើង​នឹង​​តែង​តែ​មាន​​​ការ​លើក​​ទឹក​ចិត្ត​ដូច​គ្នា តែង​តែ​ដូច​គ្នា​ជា​និច្ច​។ គ្មាន​នរ​ណា​ម្នាក់​អាច​ប្រាប់​យើង​ថា យើង​មាន​ការ​ស្រេក​ឃ្លាន​តិច​ជាង​នោះឡើយ​»​។ គ្រូបង្វឹក​សញ្ជាតិ​បារាំង​​រូបនេះ បាន​បន្ថែម​ទៀត​ថា៖ «យើង​​គឺ​ជាក្រុម Real Madrid ហើយ​បើ​ទោះ​បី​ជាយើង​​បាន​ឈ្នះ​រួច​ហើយ​ក៏ដោយ ប៉ុន្តែ យើង​តែង​តែ​ចង់​ឈ្នះ​បន្ថែម​ទៀត ហើយ​យើង​នឹង​​ប្រឹង​ឱ្យ​អស់​ពី​សមត្ថ​ភាព​ដើម្បី​ធ្វើ​ឱ្យ​បានល្អ​ប្រសើរ​»​។

បទ​ពិសោធ​របស់​ក្រុម Real ក្នុង​ក្រប​ខ័ណ្ឌ Champions League ពិត​ជាច្រើនជាង ​បើ​​ធៀប​ទៅនឹង​ក្រុម Liverpool ដែល​មិន​មាន​​កីឡាករ​សូម្បី​តែ​ម្នាក់​ដែល​បាន​ឈាន​ដល់​ដំណាក់​កាល​​នេះ​​​កាល​ពី​មុន​​។ លោក Zidane ក៏​មាន​​សមិទ្ធ​ផល​ផ្ទាល់​ខ្លួន​របស់​លោក​ផងដែរ ក្រោយពី​បាន​ឈ្នះ​ពានក្រប​ខ័ណ្ឌ​អឺរ៉ុប​មួយ​នេះ​ 3លើក​ក្នុង​នាម​ជា​​កីឡាករ និង​គ្រូបង្វឹក​៕

ប្រភព​ពី៖ Sport24

Advertisement