Alves ជួយឲ្យ Juventus ផ្តួល Lazio ដើម្បីលើកពាន Italian Cup

គ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់ខ្សែការពារដ៏ឆ្នើម Dani Alves និង Leonardo Bonucci បានជួយឲ្យក្រុមសេះបង្កង់ Juventus ឈានទៅរកកាលើកពានទី១របស់ពួកគេក្នុងចំណោមពាន៣ដែលពួកគេកំពុងតែធ្វើការប្រជែងដណ្តើមយក ក្រោយពីបានផ្តួលក្រុម Lazio ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតដណ្តើមពាន Coppa Italia ឬ Italian Cup ក្នុងទីក្រុងរ៉ូម កាលពីថ្ងៃពុធម្សិលមិញ។

ក្រុមសេះបង្កង់មួយនេះ ត្រូវការត្រឹមតែមួយពិន្ទុទៀតប៉ុណ្ណោះដើម្បីលើកពានក្របខ័ណ្ឌ Serie A របស់អ៊ីតាលីជាលើកទី៦ជាប់ៗគ្នារបស់ពួកគេ ក្នុងពេលធ្វើជាម្ចាស់ផ្ទះទទួលក្រុម Crotone នៅថ្ងៃអាទិត្យនេះ។ Juventus ក៏ត្រូវធ្វើការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ ជាមួយនឹងក្រុមយក្សអេស្ប៉ាញ Real Madrid នៅថ្ងៃទី៣ ខែមិថុនា ខាងមុខនេះផងដែរ។ លោក Massimiliano Allegri ដែលជាគ្រូបង្វឹករបស់ក្រុម Juventus បានធ្វើការពិចារណាទៅលើការប្រកួតនៅកីឡដ្ឋាន Stadio Olimpico ក្រោយពីទើបតែបានជួបនឹងការខកចិត្តក្រោមស្នាដៃក្រុម Roma ថា Juventus បានបង្ហាញពីទម្រង់លេងដ៏រឹងមាំ ហើយពួកយើងនឹងបានលើកពាន Italian Cup នេះជាលើកទី៣ជាប់ៗគ្នា ក្រោមការបំពេញតួនាទីយ៉ាងល្អរបស់ខ្សែការពារទាំងពីររបស់ពួកយើង។

ក្រោយពីដណ្តើមបានជ័យជម្នះ លោក Allegri បានរំពឹងទុកថា អាចនឹងមានការរីករាយដូចគ្នានេះនៅថ្ងៃអាទិត្យខាងមុខនេះ។ លោក Allegri បានឲ្យដឹងថា៖ «ការទទួលជ័យជម្នះបានជួយឲ្យយើងមានការជឿជាក់ដ៏ធំមួយសម្រាប់ការប្រកួតនៅថ្ងៃអាទិត្យនេះ។ យើងត្រូវតែបញ្ចប់ដោយការក្លាយជាម្ចាស់ជើងឯក។ កីឡាករទាំងអស់បានបង្ហាញពីបច្ចេកទេសលេង និងការពារដ៏អស្ចារ្យដែលល្អប្រសើរជាងពេលដែលយើងប្រកួតជាមួយនឹងក្រុម Roma»៕

ប្រភពពី៖ Mirror

Advertisement