លោក Klopp៖ Liverpool កំពុងតែ​ទាញយក​អត្ថប្រយោជន៍​ពី Salah

លោក Jurgen Klopp បានបញ្ជាក់​កាលពី​ថ្ងៃ​អង្គា​រថា ក្រុម Liverpool កំពុងតែ​ទាញយក​អត្ថប្រយោជន៍ផ្សេងៗពី​ភាពចាស់ទុំ​ផ្នែក​កីឡាបាល់ទាត់​ដែល​តារា​ឆ្នើម Mohamed Salah មាន អំឡុងពេល​នៃ​ការ​ចំណាយពេល​របស់គេ​នៅឯ​ក្លិប Roma។

ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ហ្ស៊ី​ប​វ័យ 25ឆ្នាំ​រូបនេះ​នឹង​វិល​ទៅកាន់​កីឡដ្ឋាន StadioOlimpico វិញ​សម្រាប់​ការប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជើង​ទី2 នៅ​រាត្រី​នេះ ដោយ​សម្លឹងមើល​ការរក​គ្រាប់​បាល់​បន្ថែម​ទៅលើ​គ្រាប់​បាល់​សរុប 43គ្រាប់​របស់គេ​នៅ​រដូវ​កាល​នេះ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការរកបាន 2គ្រាប់​ក្នុងការ​ប្រកួត​ជើង​ទី1 នា​កីឡដ្ឋាន Anfield កាលពី​សប្តាហ៍​មុននេះ។

Salah រកបាន​ត្រឹមតែ 34គ្រាប់​ប៉ុណ្ណោះ​ក្នុង​រយៈពេល 2រដូវ​កាល​សម្រាប់​ក្រុម Roma របស់​អ៊ីតាលី។ លោក Klopp បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​រដ្ឋធានី​របស់​អ៊ីតាលី​ថា៖ «រូបគេ​មាន​ភាពចាស់ទុំ។ រូបគេ​មានការ​ជឿជាក់​នៅទីនេះ។ រូបគេ​បាន​ចេញពី Chelsea ទៅកាន់​ទីក្រុង Florence និង​បាន​ជួប​រដូវ​កាល​ដ៏​ល្អ​មួយ ប៉ុន្តែ​មិនល្អ​ដូច​ស្ថិតនៅ​ជាមួយនឹង Roma ឡើយ ហើយ​បន្ទាប់មក រូបគេ​បាន​អភិវឌ្ឍ ហើយ​បច្ចុប្បន្ន​ជា​កីឡាករ​ដែល​រូបគេ​មាន​ដូច​សព្វថ្ងៃ»។

គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​បាន​បន្ថែមទៀតថា៖ «យើង​គឺជា​ក្រុម​មានសំណាង​ដែលមាន​រូបគេ​នៅពេលនេះ។ ខ្ញុំ​មិនបាន​សូម្បីតែ​ពន្យល់​រូបគេ​ឱ្យបាន​ជាក់លាក់​ទៅលើ​របៀប​នៃ​ការរក​គ្រាប់​បាល់​បញ្ចូល​ទី។ រូបគេ​បានដឹង​ដោយ​ខ្លួន​រួចជាស្រេច​ហើយ ប៉ុន្តែ​ខ្សែប្រយុទ្ធនីមួយៗ ក្នុង​ពិភពលោក មិន​ចាប់ផ្តើម​ក្នុងនាម​ជា​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​ម្នាក់​ក្នុង​វ័យ​ត្រឹម 18ឆ្នាំ​ឡើយ»។

Liverpool នឹង​នាំយក​ការនាំ​មុខ 5-2 ទៅកាន់​ការប្រកួត​ជើង​ទី2 ខណៈដែល​ពួកគេ​សម្លឹង​រក​ការ​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប ជា​លើក​ទី8 ប៉ុន្តែ ជា​លើក​ទី1បើ​គិត​ចាប់តាំងពី​ឆ្នាំ2007។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1:45ទៀបភ្លឺ៕

ប្រភពពី៖ Channel News Asia

Advertisement