Monaco ស្រេកឃ្លាន​លើក​ពាន Ligue 1 ពេល​ប៉ះ St Etienne នៅ​រាត្រី​នេះ

លោក Leonardo Jardim គ្រូបង្វឹក​របស់ Monaco បានធ្វើការ​ព្រមាន​ដល់​ក្រុម​របស់លោក​ប្រឆាំងនឹង​ការខ្វះ​នូវ​ការផ្តោត​អារម្មណ៍ផ្សេងៗ នៅពេលដែល​ពួកគេ​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម St Etienne នៅ​រាត្រី​នេះ​ខណៈដែល​ពួកគេ​កំពុង​សម្លឹង​រក​ការលើក​ពាន Ligue 1 នៅ​រដូវ​កាល​នេះ។

ក្រុម Monaco ត្រូវការ​ត្រឹមតែ១ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត២លើកចុងក្រោយ​របស់​ពួកគេ​ដើម្បី​ឈ្នះ​ពាន​ក្របខ័ណ្ឌ​កំពូល​របស់​បារាំង​ជា​លើក​ទី១ បើ​គិត​ចាប់តាំងពី​ឆ្នាំ២០០០មក ស្រប​ពេលដែល​ពួកគេ​កំពុងតែ​នាំមុខ៣ពិន្ទុ​ដាច់​លើ​ក្រុម​ឈរ​លេខ២ Paris Saint-Germain ដែល​នៅសល់​ត្រឹមតែ១ប្រកួត​ទៀត​ប៉ុណ្ណោះ។ វា​បាន​ក្លាយជា​សប្តាហ៍​ដ៏​ជោគជ័យ​មួយ​សម្រាប់​ក្លិប​មួយ​នេះ នៅពេលដែល​លោក Jardim បានឈ្នះ​ពាន​អ្នកចាត់ការ​ទូទៅ​ឆ្នើម​ប្រចាំឆ្នាំ​ក្នុង​ក្របខ័ណ្ឌ Ligue 1 ស្រប​ពេលដែល Danijel Subasic និង​ខ្សែប្រយុទ្ធ Kylian Mbappe ក៏បាន​ឈ្នះ​ពាន​អ្នកចាំទី​ឆ្នើម និង​កីឡាករ​វ័យក្មេង​ឆ្នើម​បំផុត​ប្រចាំឆ្នាំរៀងៗខ្លួន​ដែរ​នៅក្នុង​កម្មវិធី​ប្រគល់​រង្វាន់​កាលពី​ល្ងាច​ថ្ងៃអាទិត្យ។ ស្របពេល​ជាមួយគ្នានេះដែរ ក្រុម Monaco ក៏​កំពុងតែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុងការ​ឈ្នះ​ពាន Ligue 1 ផងដែរ។ ប៉ុន្តែ ទោះបីជា​យ៉ាងណា លោក Jardim ចង់​ឲ្យ​កីឡាករ​របស់លោក​បំភ្លេច​ចោល​នូវ​បរិយាកាស​រីករាយ​ជុំវិញខ្លួន និង​ផ្តោតអារម្មណ៍​ទៅលើ​ការប្រកួត​នៅ​រាត្រី​នេះ​ឱ្យ​ដូច​ការប្រកួតផ្សេងៗទៀត​ដែរ។

គ្រូបង្វឹក​រូបនេះ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​ថា៖ «យើង​ត្រូវតែ​លេង​ដូច​ធម្មតា​ជាមួយនឹង​មហិច្ឆតា និង​ឥរិយាបថដូចពេលមុន។ យើង​នឹងមិន​លេង​ដោយ​ចង់​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​ឡើយ។ គោលបំណង​របស់​យើង​គឺ​ការធ្វើ​ឲ្យ​ក្រុម​នេះ​ទទួលបាន​លទ្ធផល​ដ៏​ល្អ​បំផុត និង​ស្ថិតនៅ​ឲ្យ​ឆ្ងាយ​ពី​ឥរិយាបថ​រីករាយផ្សេងៗសិន»។

ក្រុម Monaco នឹង​ឈានទៅ​កាន់ការ​ប្រកួត​នេះ​ប្រកបដោយ​ការជឿជាក់ ខណៈដែល​ពួកគេ​បានឈ្នះ៥លើក​ពី​ការប្រកួត​ក្នុង​លី​កលើ​ទឹកដី​ខ្លួនឯង​ទាំង៥លើកចុងក្រោយ​របស់​ពួកគេ ខណៈ St Etienne ឈ្នះ​តែ២លើក​គត់​ពី​ការប្រកួត​ក្រៅ​ទឹកដី៥លើកចុងក្រោយ​របស់​ពួកគេ។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង២ទៀបភ្លឺ​រាត្រី​ថ្ងៃនេះ៕

ប្រភពពី៖ ESPN

 

 

Advertisement