កីឡាទាញព្រ័ត្រគ្រោងប្រកួតជើងឯកជាតិលើកទី ១ នាថ្ងៃទី១៩ ឧសភា នេះ

ដើម្បីបានទទួលសិទ្ធិពេញលេញក្នុងចូលរួមប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ ២០២៣ នោះ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទាញព្រ័ត្រជាច្រើននៅក្នុងឆ្នាំ ២០១៧នេះ ខណៈដែលនៅថ្ងៃទី ១៩ ខែឧសភាខាងមុខនេះ សហព័ន្ធជឿជាក់ថា ត្រូវតែជោគជ័យ សម្រាប់ការប្រកួតលើកទី១នេះ។

ថ្លែងនៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១៥ ឧសភា ឯកឧត្តម មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានបញ្ជាក់ថា នេះជាការប្រកួតមួយដើម្បីបង្ហាញពីសក្ដានុពលនៃកីឡាទាញព្រ័ត្ររបស់កម្ពុជា ។

បើតាមអ្នកស្រីប្រាក់ សម្ផស្សដែលជាអគ្គលេខាធិការសហព័ន្ធនេះបានឱ្យដឹងថា ការប្រកួតនេះមានក្រុមមកពី ៨រាជធានី-ខេត្តចូលរួមគឺ ខេត្តកំពត សៀមរាប កណ្ដាល ព្រៃវែង ស្ទឹងត្រែង ស្វាយរៀង កំពង់ឆ្នាំង និងក្នុងរាជធានីភ្នំពេញមាន១៣ក្រុម ។ សមាគម-ក្លិបដែលចូលរួមសរុបចំនួន២០ដែលមាន៤៧ក្រុម ក្នុងនោះកីឡាករ២៦០នាក់ និងកីឡាការិនីចំនួន២១០នាក់ ឯវិញ្ញាសាដាក់ឲ្យប្រកួតមានចំនួន ៥គឺ វិញ្ញាសាបុរសអាយុក្រោម២៣ឆ្នាំ នារីអាយុក្រោម២៣ឆ្នាំ បុរសអាយុលើ ២៣ឆ្នាំ នារីអាយុលើ២៣ឆ្នាំនិងវិញ្ញាសាចម្រុះបុរស-នារីអាយុលើ២៣ឆ្នាំ ។

ការប្រកួតដែលនឹងចាប់ផ្ដើមពីថ្ងៃទី១៩ ឧសភាទៅនោះ គឺជាការប្រកួតប្រភេទក្នុងសាល (Indoor) ដែលជាការប្រកួតមានកម្រាលត្រឹមត្រូវ ។

ជាមួយនឹងការប្រកួតនេះលោកមាស សារិនបានបង្ហាញពីមហិច្ឆតាថា បានសុំទៅក្រសួងអប់រំយុវជន និងកីឡាដើម្បីចូលរួមក្នុងព្រឹត្តិការណ៍កីឡាជាតិ (National Games) ឆ្នាំ២០១៨ សុំរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ ២០១៨ និងសុំឲ្យមានការប្រមូលផ្ដុំក្នុងឆ្នាំ២០១៨ដែរ ក្រៅពីនេះលោកក៏បានបង្ហាញពីការចូលរួមប្រកួតជើងឯកទ្វីបអាស៊ីទៀតផង ជាមួយគ្នានេះលោកនៅបានសន្យាថា នឹងរៀបចំឲ្យមានការប្រកួតជើងឯកថ្នាក់ជាតិរៀងរាល់ឆ្នាំ ព្រោះលោកមានដៃគូឧបត្ថម្ភគ្រប់គ្រាន់ហើយ៕

Advertisement