Ronaldo រកបាន​គ្រាប់​បាល់​ដ៏​អស្ចារ្យ ខណៈ Thiago សង្គ្រោះ Bayern

តារា​ឆ្នើម Cristiano Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី 2គ្រាប់ ក្នុងនោះ​រាប់បញ្ចូល​ទាំង​គ្រាប់​បាល់​ដ៏​ល្អ​តាមរយៈ​ការ​ស៊ុត​បក​រំលង​ក្បាល​មួយ​គ្រាប់​ផងដែរ ខណៈដែល​ក្រុម Real Madrid បាន​បោះជំហាន​យ៉ាង​កៀក​ឆ្ពោះទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League កាលពី​ថ្ងៃ​អង្គារ តាមរយៈ​ការ​ផ្តួល​ក្រុម​ម្ចាស់ផ្ទះ Juventus 3-0 ក្នុងការ​ប្រកួត​ជើង​ទី1 នៃ​វគ្គ 8ក្រុម​ចុងក្រោយ។

ស្របពេល​ជាមួយគ្នានេះ ក្រុម Bayern Munich ក៏បាន​បោះជំហាន​ឆ្ពោះទៅកាន់​វគ្គ 4ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions Leagueផងដែរ ខណៈដែល​គ្រាប់​បាល់​តែ​ត​បញ្ចូល​ទី​របស់​ខ្សែបម្រើ Thiago Alcantara បាន​ជួយ​ឱ្យ​ពួកគេ​ទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល 2-1 នៅលើ​ទឹកដី​ក្រុម Sevilla កាលពី​ថ្ងៃ​អង្គារ ក្នុងការ​ប្រកួត​ជើង​ទី1 នៃ​វគ្គ 8ក្រុម​ចុងក្រោយ​របស់​ពួកគេ​នៅលើ​ទឹកដី​ក្រុម​អេ​ស្ប៉ា​ញ។

Ronaldo បា​នរក​គ្រាប់​បាល់​បើកឆាក​ក្នុង​ទីក្រុង Turin ក្រោយពី​លេង​បានត្រឹមតែ 3នាទី និង​បាន​បន្ថែម​គ្រាប់​បាល់​ទី2 នៅ​នាទី​ទី64តាមរយៈ​ការ​ស៊ុត​បាល់​បក​រំលង​ក្បាល​យ៉ាង​ល្អ ដើម្បី​ក្លាយជា​កីឡាករ​ដំបូង​គេ​ក្នុងការ​ស៊ុត​បាល់​បញ្ចូល​ទី 10ប្រកួតជាប់ៗគ្នា​នៃ​ក្របខ័ណ្ឌ Champions League និង​ដើម្បី​ជួយ​ឱ្យ​រូបគេ​រកបាន​គ្រាប់​បាល់​សរុប 14គ្រាប់​ក្នុង​យុទ្ធនាការ​នៅ​រដូវ​កាល​នេះ។ ខ្សែប្រយុទ្ធ Paulo Dybala របស់ Juventus បាន​រង​ពិន័យ​កាត​ក្រហម​នៅ​នាទី​ទី66 នៅមុន​ពេល Ronaldo បាន​ជួយ​ឱ្យ Marcelo បំពេញ​ជ័យជម្នះ​សម្រាប់​ក្រុម​ខ្លួន និង​ជួយ​ឱ្យ Real ស្ថិតក្នុង​ការគ្រប់គ្រង​ទាំងស្រុង មុននឹង​ឈានទៅ​កាន់ការ​ប្រកួត​ជើង​ទី2 ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ នា​ថ្ងៃទី11 ខែមេសា ខាងមុខនេះ៕

ប្រភពពី៖ Sky Sports

Advertisement