លោក Guardiola សន្យា​បើក​ការ​វាយ​សម្រុក​លើ Liverpool នៅ​រាត្រី​នេះ

នៅ​ថ្ងៃ​ពុធ​នេះ លោក Pep Guardiola អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Manchester City បាន​សន្យាថា នឹង​រក្សា​ការប្រើប្រាស់​គោលការណ៍​របស់លោក ដោយ​នឹង​ធ្វើការ​វាយ​សម្រុក​លើ​ក្រុម Liverpool ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ 8ក្រុម​ចុងក្រោយ ជើង​ទី1 របស់​ពួកគេ បើទោះបី​ទទួលស្គាល់ថា លោក​ត្រូវ​លេង​ក្នុង​ក្រញាំដៃ​គូប្រជែង​របស់លោក​ក៏ដោយ។

Liverpool គឺជា​ក្រុម​តែមួយគត់​ដែល​បាន​ផ្តួល​ក្រុម​ខ្លាំង Man City ក្នុង​ក្របខ័ណ្ឌ Premier League ក្នុង​រដូវ​កាល​នេះ ក្រោយពី​បាន​យកឈ្នះ​ក្នុង​លទ្ធផល 4-3 នា​កីឡដ្ឋាន Anfield កាលពី​ខែមករា។ ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​ទាំង3 របស់​ក្រុម​ម្ចាស់ផ្ទះ​ដែល​រួមមាន Mohamed Salah, Roberto Firmino និង​Sadio Mane សុទ្ធសឹង​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ទាំងអស់ ដោយ​ទាំង3 នាក់​នេះ​រកបាន​គ្រាប់​បាល់​សរុប​ដល់​ទៅ៧៥គ្រាប់​ឯណោះ​ក្នុង​រដូវ​កាល​នេះ។

ប៉ុន្តែ ទោះបីជា​យ៉ាងណា បច្ចេកទេស​លេង​ប្រកបដោយ​ការ​វាយ​សម្រុក​របស់លោក Guardiola តែង​បានទទួល​ជោគជ័យ​ក្នុង​រាល់​ក្លិប​ដែល​លោក​បាន​ដឹកនាំ​ក្នុង​អាជីព​ជា​គ្រូបង្វឹក​របស់លោក ពោលគឺ​ចាប់ពី​ក្លិប Barcelona, Bayern Munich និង​បច្ចុប្បន្ន​ជាមួយនឹង Man City។

គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ជឿជាក់ថា បច្ចេកទេស​លេង​បែប​វាយ​សម្រុក គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​សម្រាប់ Man City ក្នុងការ​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League ជា​លើក​ទី2 របស់​ពួកគេ ប៉ុន្តែ​ជា​លើក​ទី8 ក្នុងចំណោម 9រដូវ​កាល​របស់លោក​ក្នុងនាម​ជា​គ្រូបង្វឹក។ លោក Guardiola បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា៖ «ខ្ញុំ​ដឹងថា របៀប​ដែល​យើង​លេង​គឺ​ល្អ​សម្រាប់ Liverpool ពីព្រោះ​ពួកគេ​ជា​ក្រុម​មួយ​ដែល​វាយ​សម្រុក​បែបនេះ មិន​ដូច​ក្រុម​ផ្សេង​ក្នុង​ពិភពលោក​ឡើយ ជាពិសេស Mane, Salah, Firmino ដែល​សុទ្ធតែជា​ខ្សែប្រយុទ្ធ​ឆ្នើម​ទាំងអស់»។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «ប៉ុន្តែ មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុងការ​ឈ្នះ គឺត្រូវធ្វើ​តាមរបៀប​ដែល​យើង​បានធ្វើ​ចាប់តាំងពី​យើង​ស្ថិតនៅ​ទីនេះ»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1:45ទៀបភ្លឺ៕

ប្រភពព័ត៌មាន៖ Sky Sports

Advertisement