លោក Pardew ចាក​ចេញពី West Brom ក្រោយពី​ក្លិប​កាន់តែ​លិចលង់​ដល់​បាត​តារាង

លោក Alan Pardew បានទទួល​លទ្ធផល​ត​ប​មកវិញ​សម្រាប់​ការរង​បរាជ័យ​ក្នុងការ​ប្រកួត​ក្របខ័ណ្ឌ Premier League ចំនួន 8លើកជាប់ៗគ្នា​តាមរយៈ​ការចាកចេញ​ពី​តំណែង​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្លិប West Bromwich Albion ដោយ​ការ​ព្រមព្រៀងគ្នា​ទាំងសងខាង កាលពី​ថ្ងៃ​ចន្ទ។

គ្រូបង្វឹក​វ័យ 56ឆ្នាំ​រូបនេះ​បាន​កាន់តំណែង​ក្នុង​ក្លិប​នេះ​ត្រឹមតែ​រយៈពេល 4ខែ​គត់ ក្រោយពី​បាន​ជំនួស​កន្លែង​របស់លោក Tony Pulis ប៉ុន្តែ​មិនអាច​ជួយសង្គ្រោះ​ជោគវាសនា​របស់​ក្លិប​បានឡើយ ហើយ​លោក​បានធ្វើឱ្យ​ពួកគេ​ស្ថិតនៅ​បាត​តារាង ដោយ​ដេញតាម​ពីក្រោយ​ក្រុម​ស្ថិតក្នុង​តំបន់​សុវត្ថិភាព​ដល់​ទៅ 10ពិន្ទុ ខណៈដែល​នៅសល់​ការប្រកួត​ត្រឹមតែ 6លើក​ទៀត​ប៉ុណ្ណោះ​នៅ​រដូវ​កាល​នេះ។

ខណៈដែល​គ្រូបង្វឹក​ជំនួយ John Carver ក៏​នឹង​ចាកចេញ​ដែរនោះ ក្លិប West Bromបានឱ្យដឹង​នៅលើ​គេហទំព័រ​របស់ខ្លួន​ថា៖ «West Bromwich Albion និង​លោក Alan Pardew បាន​យល់ព្រម​ចែកផ្លូវ​គ្នា ក្រោយពី​ការពិភាក្សាផ្សេងៗរវាង​ភាគី​ទាំង 2រួចរាល់​ហើយ»។ West Bromបាន​បន្ថែមទៀតថា៖ «ក្លិប​សូម​ថ្លែងអំណរគុណ​ដល់​លោក Alan និង​លោក John សម្រាប់​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ និង​សូម​ជូនពរ​ឱ្យ​អ្នក​ទាំងពីរ​ជួបតែ​សំណាងល្អ​នៅ​ថ្ងៃ​អនាគត»។ លោក Darren Moore គ្រូបង្វឹក​នៃ​ក្រុម​ឈុត​ធំ នឹង​កាន់តំណែង​បន្ត​រហូត​ទាល់តែ​មានការ​ប្រកាស​ជាថ្មី​ណាមួយ​ទៀត។

លោក Pardew អតីត​អ្នកចាត់ការ​ទូទៅ​របស់​ក្លិប Reading, Charlton Athletic, West Ham, Southampton, Newcastle United និង Crystal Palace ចូលកាន់​តំណែង​ជំនួស​លោក Pulis បានត្រឹមតែ 4ខែ​ប៉ុណ្ណោះ៕

ប្រភពព័ត៌មាន៖ The Straits Times

Advertisement