PSG ជឿជាក់ថា Neymar នឹង​ជាសះស្បើយ​ទាន់ពេល​ប៉ះ​ក្រុម Real Madrid

Paris Saint-Germain កំពុងតែ​ត្រៀម​សម្រាប់​ការប្រកួត​មួយ​ឱ្យទាន់​ពេលវេលា​ដើម្បី​អាចធ្វើឱ្យ Neymar ត្រៀមលក្ខណៈ​រួចរាល់​សម្រាប់​ការប្រកួត​ដ៏​សំខាន់​ក្នុង​ក្របខ័ណ្ឌ Champions League ជាមួយនឹង​ក្រុម Real Madrid នៅ​សប្តាហ៍​ក្រោយ បន្ទាប់ពី​រូបគេ​បាន​រងរបួស​កជើង នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម Marseille កាលពី​ថ្ងៃអាទិត្យ។

តារា​ឆ្នើម​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ ត្រូវបាន​សែង​ចេញពី​ទីលាន​ទាំង​ទឹកភ្នែក នៅពេល​ជិត​បញ្ចប់​ការប្រកួត​ក្នុងពេល​ក្រុម PSG ទទួល​ជ័យជម្នះ 3-០ លើ​គូប្រជែង​ដ៏​ខ្លាំង​របស់​ពួកគេ នា​កីឡដ្ឋាន Parc des Princes ក្រោយពី​រូបគេ​បាន​ក្រឡាច់​កជើង និង​ដួល​នៅលើ​ទីលាន​ទាំង​ការឈឺចាប់។

លោក Unai Emery គ្រូបង្វឹក​របស់​ក្រុម PSG បាន​និយាយ​បន្ទាប់ពី​ការប្រកួត​នេះ​ថា ការត្រួតពិនិត្យ​ជាបឋម​ក្នុង​បន្ទប់​ផ្លាស់ប្តូរ​សម្លៀកបំពាក់ បាន​បង្ហាញថា Neymar ក្រឡាច់​កជើង​របស់គេ។ កាសែត Le Parisien បានចេញ​ផ្សាយ​ថា ខ្សែប្រយុទ្ធ​វ័យ 26ឆ្នាំ​រូបនេះ​បានទទួល​ការពិនិត្យ​អាការ​បន្ថែមទៀត​នៅឯ​មន្ទីរពេទ្យ ក្បែរ​ទីក្រុង​ប៉ារីស កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ខណៈដែល​ការធ្វើ​តេស្ត​បាន​បង្ហាញថា រូបគេ​មិន​រងរបួស​ធ្ងន់ធ្ងរ​ឡើយ។

បន្ទាប់ពី​ការប្រកួត​កាលពី​ថ្ងៃអាទិត្យ ខ្សែការពារ Thiago Silva របស់ PSG បាន​និយាយថា៖ «ខ្ញុំ​មិនមែនជា​វេជ្ជបណ្ឌិត​ឡើយ ប៉ុន្តែ​ខ្ញុំ​គិតថា Neymar នឹងមិន​អាច​ចូល​លេង​នៅ​ថ្ងៃ​ពុធ​នេះ​នៅពេលដែល​ក្រុម PSG ត្រូវ​ប្រកួត​ជាមួយនឹង​ក្រុម Marseille ម្តងទៀត​ក្នុង​ពាន French Cup បានឡើយ។ រូបគេ​ត្រូវតែ​សម្រាក»៕

ប្រភពពី៖ Channel News Asia

Advertisement