Rooney បង្ហើបថា រូបគេអាចនឹងចេញពី Man Utd ពេលបញ្ចប់រដូវកាលនេះ

Wayne Rooney បានបញ្ជាក់យ៉ាងច្បាស់ថា អាជីពរយៈពេល ១៣ឆ្នាំរបស់គេក្នុងក្លិប Manchester United នឹងត្រូវឈានដល់ទីបញ្ចប់នៅរដូវក្តៅនេះ ខណៈដែលខ្សែប្រយុទ្ធរូបនេះ បានទទួលស្គាល់ថា រូបគេត្រូវតែចាកចេញពីកីឡដ្ឋាន Old Trafford ដើម្បីមានឱកាសលេងការប្រកួតឲ្យបានកាន់តែច្រើន។

Rooney បានបាត់បង់តំណែងក្នុងជម្រើសទាំង១១នាក់ដំបូងរបស់គេនៅរដូវកាលនេះ ហើយក៏ជួបការលំបាកក្នុងការធ្វើឲ្យខ្លួនគេផ្ទាល់ស្ថិតក្នុងបញ្ជីឈ្មោះរបស់ក្រុមដែលត្រូវបានជ្រើសរើសដោយលោក Jose Mourinho ដែលជាអ្នកចាត់ការទូទៅ ផងដែរ។
នៅពេលដែលត្រូវបានចោទសួរអំពីរឿងអនាគត Rooney បានឆ្លើយថា៖ «តើខ្ញុំចង់បន្តនៅឬទេ? ខ្ញុំបានស្ថិតនៅជាមួយនឹងក្លិបនេះអស់រយៈពេល ១៣ឆ្នាំមកហើយ ប៉ុន្តែ ខ្ញុំចង់លេងកីឡាបាល់ទាត់។ នៅទីនេះឬ? ពិតណាស់! ខ្ញុំគិតថា កីឡាបាល់ទាត់មានការផ្លាស់ប្តូរ។ អ្នកមានជម្រើសផ្សេងគ្នាក្នុងអាជីពរបស់អ្នក។ នៅរដូវកាលនេះ ខ្ញុំមិនបានចូលលេងឲ្យបានច្រើនតាមដែលខ្ញុំចង់បានឡើយ»។ ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះបានឲ្យដឹងថា៖ «ខ្ញុំបានព្យាយាមជួយក្រុមនេះទាំងនៅក្នុង និងក្រៅទីលានប្រកួត។ ខ្ញុំតែងតែផ្តោតអារម្មណ៍ក្នុងការលេង ប៉ុន្តែខ្ញុំជាកីឡាករបាល់ទាត់ម្នាក់ ហើយខ្ញុំចង់លេងកីឡាបាល់ទាត់។ ខ្ញុំលេងកាន់តែច្រើនប្រកួត ខ្ញុំកាន់តែមានកម្រិតលេងល្អឡើង ហើយខ្ញុំក៏មានអារម្មណ៍ថា បានជួយក្រុមកាន់តែច្រើនផងដែរ»។

Rooney បានបន្ថែមទៀតថា៖ «ពិតណាស់ ខ្ញុំចង់លេង ខ្ញុំចង់លេងគ្រប់ការប្រកួតទាំងអស់។ ពេលខ្លះ ហ្នឹងហើយជាកីឡាបាល់ទាត់ ហើយខ្ញុំត្រូវតែរក្សាការខិតខំព្យាយាម និងដណ្តើមយកឱកាសរបស់ខ្ញុំ។ ពេលទទួលបានការកោះហៅ ខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំដើម្បីជួយដល់ក្រុមនេះ»៕
ប្រភពពី៖ The Guardian

Advertisement