Lukaku ជួយ​ឱ្យ​ក្រុម Man United បំពេញ​ការ​វាយបក​ដើម្បី​ផ្តួល Chelsea

ខ្សែប្រយុទ្ធ Romelu Lukaku ដែលជា​អតីត​តារា​ឆ្នើម​របស់​ក្លិប Chelsea បាន​ស៊ុត​បាល់​បញ្ចូល​ទី 1គ្រាប់ និង​បាន​ជួយ​ឱ្យ​មិត្ត​រួម​ក្រុម​រកបាន 1គ្រាប់​ទៀត ក្នុងពេល​ក្រុម Manchester United បាន​បំពេញ​ការ​វាយបក​ដើម្បី​ផ្តួល​ក្រុម​តោ​ខៀវ​មួយ​នេះ​ក្នុង​លទ្ធផល 2-1 នា​កីឡដ្ឋាន Old Trafford កាលពី​ថ្ងៃអាទិត្យ។

ជ័យជម្នះ​នេះ​បានធ្វើឱ្យ​ក្រុម Man United វិល​ទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ 2 វិញ​នៅលើ​តារាង​ក្របខ័ណ្ឌ Premier League ប៉ុន្តែ​នៅតែ​ដេញតាម​ពីក្រោយ​ក្រុម Manchester City 13ពិន្ទុ​ដដែល ខណៈដែល Chelsea ធ្លាក់​ទៅ​ឈរ​ពីក្រោម​ក្រុម Tottenham ក្នុង​ចំណាត់ថ្នាក់​លេខ5។

ទាក់ទង​នឹង​ទម្រង់​លេង​របស់ Lukaku លោក Mourinho បានឱ្យដឹងថា៖ «ខ្ញុំ​គិតថា រូបគេ​បាន​លេង​យ៉ាង​ល្អ។ ក្រុម​នេះ​មិនបាន​ចាប់ផ្តើម​ល្អ​ឡើយ មិនបាន​ចាប់ផ្តើម​ប្រកបដោយ​ការជឿជាក់​ឡើយ ហើយ​បញ្ហា​នេះ​បានកើត​ឡើងលើ​រូបគេ​ដូចគ្នា។ រូបគេ​ហាក់ដូចជា​បាត់បង់​នូវ​ការផ្តោត​អារម្មណ៍​បន្តិច ប៉ុន្តែ​បន្ទាប់មក​រូបគេ​បាន​លេង​ស៊ីចង្វាក់​គ្នា​ល្អ​ជាមួយនឹង​ក្រុម​នេះ»។

Lukaku បាន​និយាយ​បន្ទាប់ពី​ការប្រកួត​ថា៖ «វា​ជា​ថ្ងៃ​ដ៏​ល្អ​មួយ​សម្រាប់​ខ្ញុំ ហើយ​យើង​បានឈ្នះ ហេតុនេះ​ជ័យជម្នះ​នោះ​គឺជា​រឿង​ដ៏​សំខាន់បំផុត»។

ខ្សែប្រយុទ្ធ​រូបនេះ​បាន​បន្ថែមទៀតថា៖ «ការដណ្តើម​បាន​ជ័យជម្នះ​នឹង​ផ្តល់​លទ្ធផល​កាន់តែ​ល្អប្រសើរ​សម្រាប់​ខ្ញុំ ប៉ុន្តែ​ក្នុង​ការរក​គ្រាប់​បាល់​នៅ​មុនពេល​បញ្ចប់​តង់​ទី1គឺជា​រឿង​ដ៏​សំខាន់​សម្រាប់​យើង។ យើង​បានបង្ហាញ​ពី​គុណភាព​របស់​យើង និង​ការស្រេកឃ្លាន​ជ័យជម្នះ​របស់​យើង​ក្នុង​តង់​ទី2»៕

ប្រភពពី៖ Sport24

Advertisement