Man City លត់ Arsenal ចាស់ដៃ ដើម្បី​លើក​ពាន Carabao Cup

លោក Pep Guardiola បានឈ្នះ​ពានរង្វាន់​ជា​លើក​ទី1 របស់លោក​ជាមួយនឹង​ក្លិប Manchester City គិត​ចាប់តាំងពី​ពេល​ចូលមក​ដឹកនាំ​ក្រុម​នេះ​កាលពី​ឆ្នាំ2016 ក្រោយពី​ពួកគេ​បាន​ផ្តួល​ក្រុម Arsenal 3-០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ឈ្នះ​ពាន Carabao Cup កាលពី​ថ្ងៃអាទិត្យ។

កីឡាករ​ជើងចាស់ 3នាក់​របស់​ក្រុម Man City ដែល​រួមមាន Sergio Aguero, Vincent Kompany និង David Silva សុទ្ធសឹង​រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​ដូចគ្នា ដើម្បី​ជួយ​ឱ្យ​ក្រុម​របស់ខ្លួន​ឈ្នះ​ពាន​ជា​លើក​ទី1ក្រោម​ការដឹកនាំ​របស់​លោក Guardiola។ Arsenal បាន​បង្កើត​ឱកាស​យ៉ាង​ល្អ​នៅ​ដើមតង់​ទី1 នៅពេលដែល​ខ្សែបម្រើ Mesut Ozil បាន​បញ្ជូន​បាល់​ទៅឱ្យ​ខ្សែប្រយុទ្ធ Pierre EmerickAubameyang ប៉ុន្តែ​ការ​ស៊ុត​របស់គេ​ត្រូវបាន​សង្គ្រោះ​ដោយ​អ្នកចាំទី Claudio Bravo។

វា​គឺជា​ការឆ្លើយតប​ដ៏​កក់ក្តៅ​មួយ​ពី​សំណាក់​ក្រុម​ដែល​កំពុង​នាំមុខ​លើ​តារាង​ក្របខ័ណ្ឌ Premier League មួយ​នេះ ក្រោយពី​ការ​ប្រជែង​ដើម្បី​ឈ្នះ​ពាន4 ក្នុង​រដូវ​កាល​តែមួយ​របស់​ពួកគេ​បានបញ្ចប់​យ៉ាង​មិន​នឹកស្មាន​ដល់​តាម រយៈ​ការធ្លាក់​ចេញពី​ពាន FA Cup ក្រោម​ស្នាដៃ​ក្រុម​ស្ថិតក្នុង League One គឺ Wigan កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន។ លោក Guardiola បានឱ្យដឹងថា៖ «វា​ពិតជា​សំខាន់​ណាស់។

យើង​ពិតជា​រីករាយ និង​សូម​អបអរ​យ៉ាង​ធំធេង​ដល់​រាល់​កីឡាករ​របស់​ក្រុម Man City និង​អ្នកគាំទ្រ​របស់​យើង។ ពាន​នេះ​គឺ​សម្រាប់ Manchester City មិនមែន​សម្រាប់​ខ្ញុំ​ឡើយ»។ គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​បន្ថែមទៀតថា៖ «នៅ​តង់​ទី1 យើង​លេង​មិនបាន​ល្អ​ឡើយ។ យើង​បានធ្វើ​ឱ្យមាន​កំហុស​ជាច្រើន។ ក្នុង​តង់​ទី2 យើង​បាន​លេង​ជាមួយនឹង​ការលើកទឹកចិត្ត​ច្រើនជាង»៕

ប្រភពពី៖ The Sun

Advertisement