លោក Klopp ផ្ទុះ​កំហឹង​ក្រោយពី Kane ប៉េ​ណា​ល់​ទី ធ្វើឱ្យ Liverpool ខកចិត្ត

លោក Jurgen Klopp បានធ្វើការរិះគន់យ៉ាងខ្លាំងក្លា ទៅលើលោកអាជ្ញាកណ្តាល Jon Moss និង​មន្ត្រី​ប្រចាំការ​ប្រកួត ក្រោយពី​ខ្សែប្រយុទ្ធ Harry Kane បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ដ៏​ចម្រូងចម្រាស​មួយ​ដែល​បាន​ជួយ​ឲ្យ​ក្រុម Tottenham ដណ្តើមបាន​លទ្ធផល​ស្មើ 2-2 នៅលើ​ទឹកដី​ក្រុម Liverpool កាលពី​រាត្រី​ថ្ងៃអាទិត្យ។

លោក Klopp គ្រូបង្វឹក​នៃ​ក្រុម​ហង្ស​ក្រហម Liverpool បាន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង ក្រោយពី​ឱកាស​នៃ​ការ​ដណ្តើមបាន​ជ័យជម្នះ​ដ៏​សំខាន់​របស់​ក្រុម​លោក​ក្នុងការ​ប្រជែង​យក​ចំណាត់ថ្នាក់​កំពូល​ទាំង4 ត្រូវបាន​រលាយ​អស់​នៅ​វិនាទី​ចុងក្រោយ។

គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ​នៅ​នាទី​ទី 90របស់​ខ្សែប្រយុទ្ធ Mohamed Salah ដើម្បី​រក​គ្រាប់​បាល់​ទី 2នៃ​ការប្រកួត​នេះ បាន​បង្កើត​ឲ្យ​មាន​ការអបអរ​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​អ្នកចាត់ការ​ទូទៅ​របស់​ពួកគេ​គឺ​លោក Klopp និង​ហាក់ដូចជា​ផ្តល់​ឲ្យ​ក្រុម Liverpool នូវ​ជ័យជម្នះ​ដ៏​សំខាន់​មួយ​រួចទៅហើយ​ក្នុងការ​ប្រជែង​យក​ចំណាត់ថ្នាក់​កំពូល​ទាំង4។ ប៉ុន្តែ Kane ដែល​បាន​រង​នូវ​ការសង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី 1គ្រាប់​រួចហើយ​ពី​អ្នកចាំទី Loris Karius នៅ​រយៈពេល 5នាទីចុងក្រោយ​នោះ បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ជា​លើក​ទី 2ចូល​ទី​យ៉ាង​ល្អ ក្រោយពី​ខ្សែការពារ​តម្លៃ​ខ្លួន 75លាន​ផោន Virgil van Dijk របស់​ក្លិប Liverpool ត្រូវបាន​កាត់សេចក្តី​ថា បានធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ Erik Lamela ដួល​ក្នុង​ប្រអប់​គ្រោះថ្នាក់។

លោក Klopp បាន​ឲ្យ​ដឹងថា៖ «ប្រសិនបើ​ខ្ញុំ​និយាយ​ពីអ្វី​ដែល​ខ្ញុំ​គិត​នៅពេលនេះ ខ្ញុំ​គិតថា នឹងត្រូវ ពិន័យ​ប្រាក់​ដ៏​ច្រើន​ក្នុង​កីឡាបាល់ទាត់​ពិភពលោក។ នៅ​នាទី​ទី 93 អ្នក​គួរតែ​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត​ជាជាង​ផ្តល់​បាល់​ប៉េ​ណា​ល់​ទី នៅពេលដែល​អ្នក​មានកា​រ​ប្រាកដប្រជា 100ភាគរយ​ហើយ​នោះ»៕

ប្រភពពី៖ Sport24

Advertisement