Southampton បំពេញ​ការផ្ទេរ​ខ្សែប្រយុទ្ធ Carrillo ពី​ក្លិប Monaco ក្នុងតម្លៃ 19,2លាន​ផោន

ក្លិប Southampton បាន​បំពេញ​ការចុះហត្ថលេខា​ជាមួយនឹង​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន Guido Carrillo ក្នុងតម្លៃ​ខ្លួន 19,2លាន​ផោន (ស្មើនឹង 27លាន​ដុល្លារ​អាមេរិក)។ ក្លិប​កំពុង​ត្រដាបត្រដួស​ក្នុង​ក្របខ័ណ្ឌ Premier League មួយ​នេះ សង្ឃឹមថា នឹង​បន្ថែម​ភាព​មុត​ស្រួច​ក្នុង​តំបន់​ប្រយុទ្ធ​របស់​ពួកគេ ក្រោយពី​បាន​ជួប​ការលំបាក​នៅ​ដំណាក់កាល​ទី1នៃ​រដូវ​កាល​នេះ ក្រោម​ការដឹកនាំ​របស់​លោក Mauricio Pellegrino។

ការនាំយក Carrillo គឺជា​ការចំណាយ​ប្រាក់​ជា​លើក​ទី1ពី​កញ្ចប់​ថវិកា​ដែល​បានមកពី​ការលក់​ខ្សែការពារ Virgil van Dijk ទៅឱ្យ​ក្លិប Liverpool ក្នុងតម្លៃ​ខ្លួន 75លាន​ផោន ខណៈដែល​ការទិញ​កីឡាករ​ថ្មី​បន្ថែមទៀត​ដើម្បី​ពង្រឹង​ក្រុម នឹងត្រូវ​ធ្វើឡើង​បន្តទៀត។ ក្លិប Southampton ក៏បាន​ចាប់អារម្មណ៍​ទៅលើ​ខ្សែបម្រើ​ស្លាប​អន្តរ​ជាត​ហូ​ឡង់ Quincy Promes របស់​ក្លិប Spartak Moscow ផងដែរ ខណៈដែល​រូបគេ​អាច​នឹងមាន​តម្លៃ​ខ្លួន៣០លាន​ផោន។

Carrillo ដែល​បាន​ចុះហត្ថលេខា​ជាមួយនឹង​ក្លិប Southampton រហូតដល់​ខែមិថុនា ឆ្នាំ2021នោះ ភាគច្រើន​ត្រូវបាន​ប្រើប្រាស់​ជា​កីឡាករ​បម្រុង​នៅ​រដូវ​កាល​នេះ ដោយបាន​ចូល​លេង​ក្នុង​ជម្រើស​ទាំង11នាក់​ដំបូង​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​លី​ត្រឹមតែ2លើក​គត់ ប៉ុន្តែ បាន​ស៊ុត​បាល់​បញ្ចូល​ទី5គ្រាប់​សម្រាប​ក្រុម​ម្ចាស់​ជើងឯក Ligue 1 មួយ​នេះ។

Southampton បាន​សង្ឃឹមថា នឹង​អាច​ទិញយក​ខ្សែប្រយុទ្ធ​វ័យ 26ឆ្នាំ​រូបនេះ ក្នុងតម្លៃ​ខ្លួន​ប្រមាណ​ជា15លាន​ផោន ប៉ុន្តែ សំណើ​របស់​ពួកគេ ត្រូវបាន​ច្រានចោល មុននឹង​សម្រេចចិត្ត​បំពេញ​ការផ្ទេរ​មួយ​នេះ ដើម្បី​បន្ថែម​ភាព​មុត​ស្រួច​លើ​តំបន់​ប្រយុទ្ធ​របស់​ពួកគេ។ Carrillo បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ ខ្ញុំ​ពិតជា​រីករាយ​ណាស់។ វា​ជា​អារម្មណ៍​ដ៏​អស្ចារ្យ​ក្នុងការ​ចូលរួម​ជាមួយ​នឹង​ក្លិប​នេះ៕

ប្រភពពី៖ The Guardian

Advertisement