Sanchez ចូលរួម​ជាមួយ Man Utd ខណៈ Mkhitaryan បំពេញ​ការផ្ទេរ​ទៅ Arsenal

Alexis Sanchez បាន​បំពេញ​ការផ្ទេរ​ជា​ផ្លូវការ​របស់គេ​ទៅកាន់​ក្លិប Manchester United រួចហើយ និង​បានធ្វើ​ការរិះគន់ភ្លាមៗទៅកាន់​អតីត​កីឡាករ​របស់​ក្រុម Arsenal។

ការផ្ទេរ​ដែលជា​ការដោះដូ​រ​កីឡាករ​គ្នា​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ចន្ទ ខណៈដែល Sanchez ត្រូវបាន​គេ​ជឿជាក់ថា បាន​ចុះហត្ថលេខា​រយៈពេល 4ឆ្នាំកន្លះ ជាមួយនឹង Man Utd ហើយ​ខ្សែបម្រើ Henrikh Mkhitaryan បាន​ចូលរួម​ជាមួយនឹង​ក្លិប Arsenal។ Sanchez បាន​ស៊ុត​បាល់​បញ្ចូល​ទី 80គ្រាប់ ចាប់តាំងពី​ផ្ទេរ​មកពី​ក្លិប Barcelona ក្នុងតម្លៃ​ខ្លួន 30លាន​ផោន កាលពី​ខែកក្កដា ឆ្នាំ2014 និង​បាន​ក្លាយជា​អ្នករក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​កាលពី​រដូវ​កាល​មុន ជាមួយនឹង​ការរកបាន 30គ្រាប់​ក្នុង​រាល់​យុទ្ធនាការ​ទាំងអស់។

ខ្សែប្រយុទ្ធ​អន្តរជាតិ​ស៊ី​លី​រូបនេះ បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​ពិតជា​រំភើប​ណាស់ ក្នុងការ​បាន​ចូលរួម​ជាមួយនឹង​ក្លិប​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក​នេះ។ ឱកាស​ក្នុង​ការលេង​នៅ​កីឡដ្ឋាន​ជា​ប្រវត្តិសាស្ត្រ និង​ការធ្វើការ​ជាមួយនឹង​លោក Jose Mourinho គឺជា​រឿង​មួយ​ដែល​ខ្ញុំ​មិនអាច​ច្រានចោល​បានឡើយ»។

តារា​ឆ្នើម​រូបនេះ​បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ដែល​បាន​ក្លាយជា​កីឡាករ​ស៊ី​លី​ដំបូង​គេ​ដែល​លេង​ឲ្យ​ក្រុម Man United ហើយ​ខ្ញុំ​សង្ឃឹមថា ខ្ញុំ​អាច​បង្ហាញ​ឲ្យ​អ្នកគាំទ្រ​ទាំងអស់​ក្នុង​ពិភពលោក​បានឃើញ​ពី​មូលហេតុ​ដែល​ក្លិប​ចង់បាន​រូបខ្ញុំ​ឱ្យមក​ទីនេះ»។

ស្របពេល​ជាមួយគ្នានេះដែរ ខ្សែបម្រើ​ស្លាប​អន្តរជាតិ​អា​មេ​នី Mkhitaryan វ័យ 29ឆ្នាំ ក៏បាន​ចុះហត្ថលេខា​ជាមួយ​ក្លិប Arsenal ផងដែរ ក្រោយពី​រូបគេ​បាន​ធ្លាក់​ចេញពី​ការចាប់អារម្មណ៍​របស់​អ្នកចាត់ការ​ទូទៅ​នៃ​ក្លិប Man United គឺ​លោក Jose Mourinho បន្ទាប់ពី​បាន​ចំណាយពេល​អស់ 18ខែ​នៅ​កីឡដ្ឋាន Old Trafford៕

ប្រភពពី៖ The Guardian

Advertisement