Everton ត្រៀម​លក់ Niasse ទៅ​ឲ្យ Crystal Palace, Brighton ឬ West Brom

Oumar Niasse នឹងត្រូវ​ចាកចេញ​ពី​ក្លិប Everton នៅ​ខែម​ករានេះ ខណៈដែល​ក្លិប Crystal Palace, Brighton & Hove Albion និង West Bromwich Albion សុទ្ធសឹង​បានបង្ហាញ​ពី​ការចាប់អារម្មណ៍​របស់​ពួកគេ​ទៅលើ​កីឡាករ​រូបនោះ។

ក្លិប​ទូកក្តោង Everton មានបំណង​លក់​ខ្សែប្រយុទ្ធ​អន្តរជាតិ​សេ​ណេ​ហ្គា​ល់​រូបនេះ ហើយ​ពួកគេ​បានដាក់​តម្លៃ​ខ្លួន13លាន​ផោន (ស្មើនឹង17.6លាន​ដុល្លារ​អាមេរិក) ខណៈដែល​ក្លិប​ទាំង3សុទ្ធសឹង​មានបំណង​យល់ព្រម​លើ​តម្លៃ​ខ្លួន​តាម​ការស្នើសុំ​នេះ​ទាំងអស់។

ហេតុនេះ Niasse មាន​ជម្រើស​ក្នុងការ​សម្រេចចិត្ត​ធ្វើដំណើរ​ទៅកាន់​ក្លិប​ណាមួយ ហើយ​និង​ត្រូវធ្វើ​ការសម្រេចចិត្ត​រប​ស់​គេ​ដោយ​ផ្អែកទៅលើ​ទីតាំង​ដែល​រូបគេ​ត្រូវ​លេង។ ខ្សែប្រយុទ្ធ​វ័យ27ឆ្នាំ​រូបនេះ បានបង្ហាញ​ពី​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅ​ពាក់កណ្តាល​នៃ​រដូវ​កាល​នេះ បើទោះបីជា​បាន​ចូល​លេង​ក្នុង​ជម្រើស​ទាំង11នាក់​ដំបូង​មិនបាន​គ្រប់ការ​ប្រកួត និង​ពេលខ្លះ​បាន​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង​ចំនួន9លើក​ផ្សេងទៀត​ក៏ដោយ។ រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី6គ្រាប់ ពោល​គឺជា​មធ្យម​រូបគេ​រកបាន1គ្រាប់​ក្នុង​រយៈពេល101.6នាទី។

ក្លិប Everton ទើបតែ​បាន​ចុះហត្ថលេខា​ជាមួយនឹង​ខ្សែប្រយុទ្ធ​អន្តរជាតិ​តួ​ក​គី Cenk Tosun មកពី​ក្លិប Besiktas ក្នុងតម្លៃ​ខ្លួន27លាន​ផោន ហើយ​អ្នកចាត់ការ​ទូទៅ​របស់​ពួកគេ​លោក Sam Allardyce អាច​នឹង​សម្លឹង​រក​ការទិញចូល​កីឡាករ​ថ្មី​បន្ថែមទៀត នៅមុន​ពេល​បិទ​ទីផ្សារ​ដោះដូរ​កីឡាករ​នាពេល​បច្ចុប្បន្ន។ Everton បាន​ទិញយក Niasse ពី​ក្លិប Lokomotiv Moscow ក្នុងតម្លៃ​ខ្លួន13.5លាន​ផោន កាលពី​ខែកុម្ភៈ ឆ្នាំ2016៕

ប្រភពពី៖ The Guardian

Advertisement