លោក Allardyce ៖ Tosun អាច​នឹង​ស្ថិតក្នុង​ក្រុម Everton ពេល​ប៉ះ Liverpool រាត្រី​នេះ

ក្លិប​ទូកក្តោង Everton កំពុងតែ​ពិចារណា​ទៅលើ​ការប្រើប្រាស់​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​របស់​ពួកគេ​គឺ Cenk Tosun ដែល​ត្រៀម​បំពេញ​ការផ្ទេរ​របស់គេ​ពី​ក្លិប​តួ​ក​គី Besiktas ក្នុងតម្លៃ​ខ្លួន 27លាន​ផោន (ស្មើនឹង36.6លាន​ដុល្លារ​អាមេរិក) ក្នុងពេល​ពួកគេ​ប្រកួត​ជាមួយនឹង​ក្រុម Liverpool ក្នុង​ពាន FA Cup នៅ​រាត្រី​នេះ។

ប៉ុន្តែ ទោះបីជា​យ៉ាងណា Everton ក៏ត្រូវ​ប្រឈមមុខ​នឹង​ការចុះឈ្មោះ Cenk Tosun ឲ្យ​ទាន់ពេលវេលា​ផងដែរ។ កីឡាករ​ខ្សែប្រយុទ្ធ​រូបនេះ​ត្រូវតែ​បំពេញ​ការផ្ទេរ​របស់គេ​ជា​ផ្លូវការ​នៅត្រឹម​រសៀល​ថ្ងៃ​សុក្រ​នេះ ដើម្បី​អាច​ទទួលបាន​ការចុះឈ្មោះ​ក្នុង​ក្រុម Everton របស់លោក Sam Allardyce សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន Anfield។ ខ្សែប្រយុទ្ធ​វ័យ26ឆ្នាំ​រូបនេះ នឹង​ផ្ទេរ​ពី​ក្លិប Besiktas ដើម្បី​បញ្ចប់​ការស្វែងរក​ខ្សែប្រយុទ្ធ​ម្នាក់​អស់​រយៈពេល6ខែ​ដើម្បី​មក​ជំនួស​កន្លែង​របស់ Romelu Lukaku ដែល​បាន​ផ្ទេរ​ទៅកាន់​ក្លិប Manchester United កាលពី​រដូវក្តៅ​មុន។ លោក Allardyce ពិតជា​ចង់​ដាក់​ឲ្យ Tosun ស្ថិត​ជា​កីឡាករ​បម្រុង​សម្រាប់​ការប្រកួត​នៅ​រាត្រី​នេះ។

លោក Allardyce បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​គិតថា អាចទៅរួច។ ប្រសិនបើ​រូបគេ​អាច​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង ខ្ញុំ​គិតថា នោះ​គឺជា​រឿង​ដ៏​ល្អ​បំផុត​ដែល​ខ្ញុំ​ចង់បាន»។ គ្រូបង្វឹក​ចាស់វស្សា​រូប​នេះ​បាន​បន្ថែមទៀតថា៖ « វា​គ្រាន់តែ​នៅសល់​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ដែលជា​ដំណាក់កាល​ចុងក្រោយ។

ក្រោយពី​ការចរចា​ក្នុង​រយៈពេល​ដ៏​យូរអង្វែង​មក យើង​ជិត​បំពេញការងារ​នេះ​ស្រេចបាច់​ហើយ។ រូបគេ​អាច​នឹងត្រូវ​ចុះឈ្មោះ​នៅមុន​ការប្រកួត​ពាន FA Cup ប៉ុន្តែ​ការបំពេញ​ការនាំយក​កីឡាករ​ម្នាក់​គឺជា​រឿង​ដ៏​សំខាន់បំផុត ពីព្រោះ​ការខ្វះ​អ្នករក​គ្រាប់​បាល់​បាន​ក្លាយជា​កង្វល់​ដ៏​ធំ​បំផុត​របស់​យើង»៕

ប្រភពពី៖ The Telegraph

Advertisement