Liverpool យល់ព្រម​លើ​តម្លៃ​ខ្លួន 75លាន​ផោន ដើម្បី​យក Van Dijk ពី Southampton

ក្លិប Liverpool នឹង​ចុះហត្ថលេខា​ជា​ផ្លូវការ​ជាមួយនឹង Virgil van Dijk ពី​ក្លិប Southampton នៅ​សប្តាហ៍​ក្រោយនេះ ក្រោយពី​យល់ព្រម​លើ​តម្លៃ​ខ្លួន75លាន​ផោន (ស្មើនឹង100លាន​ដុល្លារ​អាមេរិក) សម្រាប់​ខ្សែការពារ​អន្តរជាតិ​ហូ​ឡង់​រូបនេះ ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​ពិភពលោក​សម្រាប់​កីឡាករ​ខ្សែការពារ​ម្នាក់។

ក្លិប​មាន​មូលដ្ឋាន​នៅ Merseyside ចង់បាន​កីឡាករ​ម្នាក់នេះ​តាំងពី​រដូវក្តៅ​មុន​មកម្ល៉េះ និង​បានបង្ហាញ​ពី​សុច្ឆន្ទៈ​របស់ខ្លួន​ក្នុងការ​ចំណាយ​ប្រាក់​ដល់​ទៅ60លាន​ផោន ដើម្បី​ការផ្ទេរ​នេះ តែ​បានទទួល​បរាជ័យ ក្រោយពី​ក្លិប Southampton បាន​បញ្ជាក់ថា Liverpool បានធ្វើ​ការស្នើ​មិន​ផ្លូវការ​ទៅកាន់​កីឡាករ Van Dijk។ ទោះបីជា​យ៉ាងណា លោក Jurgen Klopp គ្រូបង្វឹក​របស់​ក្រុម​ហង្ស​ក្រហម Liverpool នៅតែមាន​ការប្តេជ្ញាចិត្ត​ក្នុងការ​ចុះហត្ថលេខា​ជាមួយនឹង Van Dijk ខណៈដែល​លោក​ព្យាយាម​ក្នុងការ​ពង្រឹង​តំបន់​ការពារ​ដែល​បាន​កម្ទេច​មហិច្ឆតា​នៃ​ការ​ប្រជែង​ពាន​ក្របខ័ណ្ឌ Premier League របស់​ក្រុម Liverpool។

Van Dijk បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter រួមជាមួយ​នឹង​ការ​បង្ហោះ​រូបថត​របស់គេ​កំពុងតែ​កាន់​អាវ​របស់ Liverpool ថា៖ «ខ្ញុំ​ពិតជា​រីករាយ​ណាស់ និង​មាន​កិត្តិយស​ក្នុងការ​យល់ព្រម​ដើម្បី​ក្លាយជា​កីឡាករ​ម្នាក់​របស់ Liverpool FC»។ បើទោះបី​ក្លិប Chelsea និង Manchester City ត្រូវបាន​គេ​រាយការណ៍​ថា បាន​ចាប់អារម្មណ៍​ទៅលើ Van Dijk ដូចគ្នា​ក៏ដោយ ប៉ុន្តែ​ទីបំផុត លោក Klopp បានទទួល​កីឡាករ​ក្នុង​គោលដៅ​របស់លោក​ជាមួយនឹង​ការផ្តល់​ប្រាក់ចំណូល18ម៉ឺន​ផោន ក្នុង​មួយ​សប្តាហ៍។ ក្លិប Liverpool បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «ក្លិប​បាល់ទាត់ Liverpool អាច​ប្រកាសថា ពួកគេ​បាន​ឈានដល់​ការ​ព្រមព្រៀងគ្នា​មួយ​ជាមួយនឹង Southampton សម្រាប់​ការផ្ទេរ Virgil van Dijk ហើយ»។

ខ្សែការពារ​វ័យ26ឆ្នាំ​រូបនេះ នឹង​បំពេញ​ការផ្ទេរ​ជា​ផ្លូវការ​របស់គេ​ទៅកាន់ Liverpool នៅ​ថ្ងៃទី1 ខែមករា ខាងមុខនេះ ខណៈដែល​តម្លៃ​ខ្លួន​ជា​កំណត់ត្រា​ពិភពលោក​កាលពីមុន​សម្រាប់​ខ្សែការពារ​ម្នាក់​គឺមាន​ចំនួន54លាន​ផោន ដែល​ក្លិប Manchester City បាន​ចំណាយ​ដើម្បី​ទិញ Kyle Walker ពី​ក្លិប Tottenham នៅ​មុនពេល​ចាប់ផ្តើម​រដូវ​កាល​នេះ៕

ប្រភពពី៖ The Guardian

Advertisement