លោក Mourinho រិះគន់​ទៅលើ​ការ​មានប្រៀប​របស់ Man City

លោក Jose Mourinho បានធ្វើការ​រិះគន់​នៅ​ថ្ងៃបុណ្យ​ណូអែល​ទៅលើ​ក្រុម Manchester City តាមរយៈ​ការបញ្ជា​ក់ថា ក្រុម​កំពុង​នាំមុខ​នៅលើ​តារាង​ក្របខ័ណ្ឌ Premier League មួយ​នេះ ត្រូវបាន​ផ្តល់​ឲ្យ​នូវ​ការ​មានប្រៀប​ដ៏​អយុត្តិធម៌​តាមរយៈ​ការលេង​ការប្រកួត​បន្ទាប់​ទៅទៀត​របស់​ពួកគេ​ក្នុង​រយៈពេល​ច្រើនជាង​ក្រុម Man United របស់លោក​មួយថ្ងៃ។

Man United នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Burnley នា​កីឡដ្ឋាន Old Trafford នៅ​រាត្រី​នេះ ប៉ុន្តែ ក្រុម Man City ដែល​កំពុងតែ​នាំមុខ13ពិន្ទុ​ដាច់​លើ​គូប្រជែង​ក្នុង​តំបន់​តែមួយ​របស់​ពួកគេ​នោះ នឹងមិន​បាន​លេង​ឡើយ​រហូតដល់​រាត្រី​ថ្ងៃ​ពុធ ដែល​នៅពេលនោះ​ពួកគេ​នឹងធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម Newcastle។ ការបញ្ចប់​ក្នុង​លទ្ធផល​ស្មើ 2-2 នៅលើ​ទឹកដី​ក្រុម Leicester កាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន គឺជា​ការប្រកួត​ទី1ក្នុងចំណោម​ការប្រកួត​ទាំង4លើក​នៃ​ក្របខ័ណ្ឌ​អង់គ្លេស Premier League ក្នុង​រយៈពេល10ថ្ងៃ​សម្រាប់​ក្រុម Man United។ លោក Mourinho បាន​ប្រាប់​ទូរទស្សន៍ Sky Sports News ថា៖ «ខ្ញុំ​មិនមែនជា​ក្រុម​ដែលមាន​សិទ្ធិ​ពិសេស​ដែលមាន​រយៈពេល6ថ្ងៃ​ក្នុងការ​សម្រាក​ឡើយ និង​ក៏ដូចជា​មាន​ពេលវេលា​ច្រើន​ក្នុង​ការត្រៀម​សម្រាប់​ការប្រកួត​នោះដែរ ប៉ុន្តែ​ខ្ញុំ​សំដៅ​ទៅលើ​ក្រុម​ដែលមាន​ពេលវេលា​ច្រើនជាង​យើង​បន្តិច ជាពិសេស​ក្រុម​មួយ​ដែល​នឹង​លេង​បន្ទាប់ពី​ថ្ងៃស្អែក។ ការ​មាន​ពេល​សម្រាក​ច្រើនជាង1ថ្ងៃ ពិតជា​មានប្រៀប​ណាស់»។

គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​បន្ថែមទៀតថា៖ «វា​ប្រហែលជា​មានន័យថា ពួកគេ​មិនចាំបាច់​ធ្វើការ​នៅថ្ងៃនេះ​ឡើយ វា​មានន័យថា ពួកគេ​អាច​វិល​ទៅធ្វើ​ការ​វិញ​នៅ​ថ្ងៃស្អែក និង​ត្រៀម​សម្រាប់​ការប្រកួត​បន្ទាប់។ បញ្ហា​ដែល​ខ្ញុំ​មើលឃើញ​នៅទីនេះ​គឺមាន​ភាព​ផ្សេងគ្នា​រវាង​ក្រុម​មួយចំនួន»។ ការប្រកួត​នៅ​រាត្រី​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង10យប់៕

ប្រភពពី៖ Sky Sports

Advertisement