លោក Allardyce វិល​ទៅកាន់​ការពិចារណា​វិញ​ដើម្បី​ក្លាយជា​គ្រូបង្វឹក​របស់ Everton

ក្លិប​ទូកក្តោង Everton កំពុងតែ​ពិចារណា​ទៅលើ​ការពិភាក្សាផ្សេងៗជាមួយនឹង​លោក Sam Allardyce ជុំវិញ​ការតែងតាំង​រូបលោក​ធ្វើជា​អ្នកចាត់ការ​ទូទៅ​ថ្មី​របស់​ពួកគេ ក្រោយពី​ការពិភាក្សា​ជាបឋម​ជាមួយនឹង​គ្រូបង្វឹក​វ័យ63ឆ្នាំ​រូបនេះ​ទទួល​បរាជ័យ​កាលពី​ដើមខែ​នេះ។

ទីតាំង​របស់លោក Allardyce ក្នុងនាម​ជា​បេក្ខភាព​ដ៏​មាន​សក្តានុពល​ម្តងទៀត​បានបង្ហាញ​ថា ក្លិប Everton ត្រូវតែ​ស្វែងរក​គ្រូបង្វឹក​ជា​អចិន្ត្រៃយ៍​ម្នាក់​ដើម្បី​ជំនួស​កន្លែង​របស់លោក Ronald Koeman ក្រោយពី​ការទាក់ទង​ជា​លើក​ទី1ជាមួយនឹង​អតីត​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូបនេះ ត្រូវបាន​គេ​គិតថា បានទទួល​បរាជ័យ​ដោយសារតែ​ទំហំ និង​លក្ខខណ្ឌផ្សេងៗនៃ​កិច្ចសន្យា​ដែល​លោក​ត្រូវបាន​គេ​ផ្តល់​ឲ្យ។ រយៈពេល5សប្តាហ៍​បាន​កន្លងផុតទៅ ចាប់តាំងពី​លោក Koeman សញ្ជាតិ​ហូ​ឡង់ ត្រូវបាន​បណ្តេញចេញ កាលពី​ថ្ងៃទី23 ខែតុលា ហើយ​លោក David Unsworth ដែលជា​គ្រូបង្វឹក​ក្រុម​អាយុ​ក្រោម23ឆ្នាំ​របស់ Everton ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន។ ប៉ុន្តែ ទម្រង់​លេង​របស់​ក្រុម​បាន​បន្ត​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ដូច​ក្នុងពេល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក Koeman អ៊ីចឹង​ដែរ។ លោក Unsworth បាន​ដឹកនាំ​ឲ្យ​ក្រុម​ខ្លួន​រង​បរាជ័យ5លើក ក្នុងចំណោម​ការប្រកួត7លើក​ក្រោម​ការដឹកនាំ​របស់លោក​ក្នុង​រាល់​យុទ្ធនាការ​ទាំងអស់ ខណៈដែល​ពួកគេ​ដណ្តើមបាន​ជ័យជម្នះ​តែ1លើក​គត់។

ការរង​បរាជ័យ​ក្នុង​លទ្ធផល 4-1 កាលពី​ថ្ងៃអាទិត្យ នៅលើ​ទឹកដី​ក្រុម Southampton បានធ្វើ​ឲ្យ​ក្រុម Everton មាន12ពិន្ទុ ពោលគឺ​នាំមុខ2ពិន្ទុ​លើ​ក្រុម​ស្ថិតក្នុង​តំបន់​កាត់ចោល ក្រោយពី​ការប្រកួត13លើក៕

ប្រភពពី៖ The Guardian

Advertisement