លោក O’Neil បញ្ជាក់ថា អៀរ​ឡង់ ត្រូវតែ​រក​គ្រាប់​បាល់​ឲ្យ​បាន​ពេល​ប៉ះ ដា​ណឺ​ម៉ាក រាត្រី​នេះ

លោក Martin O’Neil បាន​បញ្ជាក់ថា ក្រុមបាល់ទាត់​ជម្រើសជាតិ​សាធារណរដ្ឋ​អៀរ​ឡង់​របស់លោក ត្រូវតែ​រក​គ្រាប់​បាល់​បញ្ចូល​ទី​ឲ្យ​បាន​ក្នុងការ​ប្រកួត World Cup វគ្គ Playoff ជើង​ទី2 ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក នា​កីឡដ្ឋាន Aviva នា​រាត្រី​នេះ។

ក្រុម​ជម្រើសជាតិ​អៀរ​ឡង់ បាន​វិល​ទៅធ្វើ​ការហ្វឹកហាត់​នៅលើ​ទីលាន Abbotstown កាលពី​ថ្ងៃ​ចន្ទ​វិញ​ហើយ ខណៈដែល​លទ្ធផល​នៃ​ការប្រកួត​ជើង​ទី1 បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ក្នុង​ទីក្រុង Copenhagen ប្រទេស​ដា​ណឺ​ម៉ាក កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។ គ្រូបង្វឹក​របស់​អៀរ​ឡង់​រូបនេះ​នឹងមាន​ក្រុម​ដ៏​ពេញលេញ​មួយ​ក្នុងការ​ជ្រើសរើស ព្រោះ​ខ្សែការពារ​ឆ្នើម David Meyler ក៏​នឹង​វិល​មក​ចូល​លេង​វិញ​ផងដែរ ក្រោយពី​ជាប់​ពិន័យ​ព្យួរ។ ខ្សែការពារ Shane Duffy របស់​ក្លិប Brighton បាន​បញ្ជាក់ថា ក្រុម​ជម្រើសជាតិ​អៀរ​ឡង់​នឹង​ក្លាយជា​ក្រុម​ផ្សេង​មួយទៀត​ពេល​លេង​លើ​ទឹកដី​ខ្លួនឯង និង​កំពុងតែ​ជឿជាក់ថា អាចបង្កើត​នូវ​ការចងចាំ​ក្នុង​រាត្រី​នេះ​បាន។ កីឡាករ​រូបនេះ​បាន​ឲ្យ​ដឹងថា៖ «យើង​ធ្លាប់បាន​បង្កើត​ឱកាស​បាន​ច្រើនជាង និង​ត្រូវតែ​បង្កើត​ឱកាស​ឲ្យ​បាន​ច្រើន​ម្តងទៀត។ យើង​មានឱកាស​ម្ដងទៀត​នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​ឈ្នះ​ការប្រកួត ហើយ​ខ្ញុំ​សង្ឃឹមថា វា​គឺជា​ពេលវេលា​មួយ​ផ្សេងទៀត​ដែល​គ្រប់គ្នា​នឹង​ចងចាំ​ទុក»។ ស្របពេល​ជាមួយគ្នានេះ លោក O’Neil បាន​ជំរុញ​ឲ្យ​ក្រុម​របស់លោក​បង្ហាញ​ពី​ស្មារតី​ប្រយុទ្ធ​ដូច​ក្នុងពេល​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​បូ​ស្នី ក្នុងការ​ប្រកួត Euro ឆ្នាំ2016 វគ្គ Playoff ជើង​ទី2 ដើម្បី​ឈានទៅ​ជុំ​ផ្តាច់ព្រ័ត្រ នៅ​ប្រទេស​បារាំង។

លោក O’Neill បាន​ឲ្យ​ដឹងថា៖ «យើង​មាន​បទពិសោធ​កាលពី​រយៈពេល2ឆ្នាំមុន នៅ​ដំណាក់កាល​ដូចគ្នានេះ។ ថ្ងៃ​ប្រកួត​នៅ​ទីក្រុង Dublin ពិតជា​ការប្រកួត​ដ៏​អស្ចារ្យ​ជាមួយនឹង​ក្រុម​បូ​ស្នី។ ខ្ញុំ​គិតថា កីឡាករ​មួយចំនួន​អាច​រំឭក​ដល់​ការរីករាយ​នោះ ប៉ុន្តែ ខ្ញុំ​គិតថា ពួកគេ​នឹង​ព្យាយាម​បង្កើត​បទពិសោធ​ផ្ទាល់ខ្លួន​របស់​ពួកគេ»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង2:45ទៀបភ្លឺ៕

ប្រភពពី៖ Sport24

Advertisement