Ronaldo ថា «Saudi Pro League នៅ​អារ៉ាប់ ល្អ​ជាង MLS នៅ​អាម៉េរិក»

(ព័រទុយហ្កាល់) – Cristiano Ronaldo អះអាងថា មិន​ចូលចិត្ត​ប្រកួត​នៅ​ពានរង្វាន់​បាល់ទាត់​អាជីព​អាម៉េរិក MLS ជាទី​ដែល Lionel Messi ទើបតែ​បាន​ក្លាយជា​សមាជិក។

«Saudi Pro League ល្អ​ជាង MLS» ខ្សែប្រយុទ្ធ​វ័យ 38 ឆ្នាំ លោក Ronaldo ឆ្លើយ​ដូច្នេះ​នៅពេល​ត្រូវបាន​សួរ​អំពី​លទ្ធភាព​ទៅ​ទាត់​នៅ​សហរដ្ឋ​អាម៉េរិក​ដូច Messi ដែល​ធ្លាប់​ជា​គូប្រជែង​មួយ​រយៈពេល​របស់គាត់​នៅ​ទ្វីបអឺរ៉ុប។

Ronaldo ក៏​និយាយថា មាន​មោទកភាព​នៅពេល​បាន​ក្លាយជា​អ្នកបើក​ផ្លូវ​សម្រាប់​ការ​មក​ទាត់​នៅ Saudi Pro League។ «ពេលនេះ កីឡាករ​នាំគ្នា​សម្រុក​មកកាន់​ទីនេះ» អតីត​កីឡាករ​របស់ Real និង Man Utd បន្ថែម​ដូច្នេះ។

Ronaldo បាន​ចូលមក​កាន់​ក្លឹប Al Nassr កាលពី​ខែមករា​ឆ្នាំ 2023 បន្ទាប់ពី​ដើរចេញ​ពី Man Utd ព្រោះ​តែមាន​បញ្ហា​ជាមួយ​គ្រូបង្វឹក។ កីឡាករ​ដែល​ដើរ​តាម​គន្លង​របស់ CR7 រួមមាន Karim Benzema, Marcelo Brozovic, N’Golo Kante និង Roberto Firmino ជាដើម ទន្ទឹមនឹង​វត្តមាន​របស់​គ្រូបង្វឹក​ល្បីឈ្មោះ​ជាច្រើនរូប​ផងដែរ។ សកម្មភាព​ទាំងនេះ​បាន និង​កំពុង​ជួយ​លើកកម្ពស់​លំដាប់​របស់​ពានរង្វាន់ Saudi Pro League នៅ​អា​រ៉ា​ប៊ី​សា​អូឌីត។

ក៏ប៉ុន្តែ ក្លឹប​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត (Al Hilal) មិនអាច​បញ្ចុះបញ្ចូល Messi ឱ្យមក​កាន់​ប្រទេស​នេះ​បាន ក្រោយពី M10 ចប់​កិច្ចសន្យា​ជាមួយនឹង​ក្លឹប PSG នៅ​ប្រទេស​បារាំង។ កំពូល​តារាបាល់ទាត់រ​បស់​អា​ហ្ស​ង់​ទីន បានសម្រេច​ចិត្ត​ជ្រើស​យក​ក្លឹប Inter Miami និង​ត្រូវបាន​បង្ហាញខ្លួន​ជា​ផ្លូវការ​កាលពី​ម្សិលមិញ៕

Advertisement