AFC ពិន័យ​ធ្ងន់ធ្ងរ​ចំពោះ​ករណី​វាយតប់​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ស៊ី​ហ្គេម​នៅ​កម្ពុជា

កីឡាករ​ចំនួន​ប្រាំ​រូប និង​សមាជិក 9 រូប​ក្នុង​ក្រុម​គ្រូបង្វឹក​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ និង​ឥណ្ឌូណេស៊ី ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) ហាម​ការចូល​រួម​ប្រកួត​ចំនួន 6 ប្រកួត និង​បង់ប្រាក់​ពិន័យ​យ៉ាងតិច 1,000 ដុល្លារ​អាម៉េរិក។

កាលពី​ព្រលប់​ថ្ងៃទី 11 កក្កដា 2023 គណៈកម្មការ​វិន័យ និង​ក្រមសីលធម៌​របស់ AFC បាន​បើក​កិច្ចប្រជុំ និង​បានសម្រេច​ពិន័យ​ទាក់ទង​នឹង​ហេតុការណ៍​ប្រវាយប្រតប់​គ្នា​​ក្នុង​​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ការប្រកួត​បាល់ទាត់​ផ្នែក​បុរស​នៅ​ស៊ី​ហ្គេម​លើក​ទី 32 រវាង​ថៃ និង​ឥណ្ឌូណេស៊ី ដែល​បាន​ធ្វើឡើង​នៅ​កម្ពុជា។

សមាជិក​ចំនួន 7 រូប​របស់​ឥណ្ឌូណេស៊ី ក្នុងនោះ​មាន​កីឡាករ 3 រូប និង​ក្រុមមន្ត្រី គ្រូបង្វឹក​ចំនួន 4 រូប ត្រូវបាន​ហាម​មិនឱ្យ​ចូលរួម​ការប្រកួត​ចំនួន 6 លើក។ កីឡាករ​ពីររូប និង​សមាជិក​ក្រុម​គ្រូបង្វឹក 3 រូប ក៏ត្រូវ​បង់ប្រាក់​ពិន័យ​ចំនួន 1,000 ដុល្លារ​អាម៉េរិក។

សមាជិក​ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ​ចំនួន 7 រូប ក៏ត្រូវ​ទទួល​ការពិន័យ​ដូចគ្នានេះដែរ។ ក្នុងនោះ អ្នកចាំទី មួយរូប និង​ជំនួយការ​គ្រូបង្វឹក​ពីររូប ត្រូវបាន​ហាម​ចូលរួម​ប្រកួត 6 លើក និង​បង់ប្រាក់​ពិន័យ 1,000 ដុល្លារ​អាម៉េរិក។ ចំណែក​កីឡាករ និង​សមាជិក​ពាក់ព័ន្ធ​ចំនួន 4 នាក់​ទៀត ​ត្រូវបាន​ហាម​ចូលរួម​ប្រកួត ប៉ុន្តែ​មិនត្រូវ​បង់ប្រាក់​ពិន័យ។

AFC ក៏បាន​តម្រូវឱ្យ​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ (FAT) បង់ប្រាក់​ពិន័យ 10,000 ដុល្លារ​អាម៉េរិក ខណៈដែល​សហព័ន្ធ​កីឡាបាល់ទាត់​ឥណ្ឌូណេស៊ី (PSSI) មិនត្រូវ​បាន​ពិន័យ។

វគ្គ​ផ្ដាច់ព្រ័ត្រ​បាល់ទាត់​បុរស​ស៊ី​ហ្គេម​ទី 32 នៅលើ​ទីលាន​បាល់ទាត់​នៅ​រាជធានី​ភ្នំពេញ កាលពី​ព្រលប់​ថ្ងៃទី 16 ឧសភា 2023 ​ត្រូវ​បានបញ្ចប់​ដោយ​លទ្ធផល 5-2 ដែល​ជ័យជម្នះ​បាន​ទៅលើ​ក្រុម​ឥណ្ឌូណេស៊ី ក្រោយពី​ការប្រកួត 120 នាទី។ ការប្រកួត​នេះ​ត្រូវបាន​គេ​ចាប់អារម្មណ៍​ខ្លាំង នៅពេល​សមាជិក​របស់​ក្រុម​ទាំងពីរ​វាយតប់​គ្នា​ពីរលើក។ បញ្ហា​នេះ​បានធ្វើឱ្យ​វិស័យ​បាល់ទាត់​របស់​ប្រទេស​ថៃ និង​ឥណ្ឌូណេស៊ី ក៏ដូចជា​ស៊ី​ហ្គេម​ទាំងមូល​រង​ផលប៉ះពាល់។

ក្រោយ​ការប្រកួត​មួយថ្ងៃ ក្រុម​ថៃ​បានចេញ​មុខ​សូម​អភ័យទោស​ចំពោះ​ហេតុការណ៍​ខាងលើ។ ក្រោយមក FAT ក៏បាន​ដាក់ពិន័យ​លើ​ក្រុម​ថៃ។ ចំណែក​ឥណ្ឌូណេស៊ី​វិញ មិនបាន​ពិន័យ​លើ​ក្រុម​ជម្រើសជាតិ​របស់ខ្លួន ដោយ​គិតថា មូលហេតុ​មិនមែន​បង្កឡើង​ដោយ​ភាគី​ខាង​ឥណ្ឌូណេស៊ី៕

Advertisement