ក្រុមបាល់ទាត់​នារី​វៀតណាម​ថា ការ​ចាញ់​នូ​វែ​ល​សេ​ឡង់​នៅមុន World Cup គឺ​មកពី​អាកាសធាតុ

(នូ​វែ​ល​សេ​ឡង់) – ក្រោយពី​ចាញ់​នៅក្នុង​ការប្រកួត​មិត្តភាព​ជាមួយ​ក្រុម​នូ​វែ​ល​សេ​ឡង់​ក្នុង​លទ្ធផល 0-2 ប្រធាន​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​វៀតណាម​យល់ថា ព្រោះតែ​រង​ផលវិបាក​ដោយសារ​អាកា​ស​ធាតុ។

លើ​ទីលាន McLean Park នៅ​ទីក្រុង Napier ក្រុមកីឡា​ការិនី​នូ​វែ​ល​សេ​ឡង់​បានដាក់​សម្ពាធ​លើ​ក្រុម​វៀតណាម​តាំងពី​ដើមទី ធ្វើឱ្យ​វៀតណាម​ត្រូវ​ចាញ់​ក្នុង​លទ្ធផល 0-2។

«សីតុណ្ហភាព​នៅទីនេះ​ខុសគ្នា​ឆ្ងាយ​ធៀប​នឹង​នៅ​វៀតណាម ធ្វើឱ្យប៉ះពាល់​ដល់​ពួកយើង» ប្រធាន​ក្រុមកីឡា​ការិនី​វៀតណាម Huynh Nhu និយាយ​ដូច្នេះ និង​បន្តថា «ការប្រកួត​នេះ​គឺជា​ឱកាស​ដើម្បីឱ្យ​ពួកយើង​អាច​សម្រប​ខ្លួន​ជាមួយនឹង​អាកាសធាតុ​នៅ​នូ​វែ​ល​សេ​ឡង់»។

នៅ​វៀតណាម ក្រុមកីឡា​ការិនី​ត្រូវ​ហ្វឹកហាត់​ក្រោម​កម្ដៅថ្ងៃ​ពី 27 ទៅ 36 អង្សា​សេ។ ចំណែក​នៅ​នូ​វែ​ល​សេ​ឡង់ អាកាសធាតុ​ត្រជាក់​ជាង ពោល​គឺមាន​សីតុណ្ហភាព​ពី 7 ទៅ 14 អង្សា​សេ។

នៅក្នុង​ការប្រកួត ក្រុម​នារី​នូ​វែ​ល​សេ​ឡង់​គ្រប់គ្រង​បាល់​បាន 60% និង​ស៊ុត​ផ្ដាច់​ចំនួន 27 លើក។ នៅ​នាទី​ទី 17 ក្រុម​នូ​វែ​ល​សេ​ឡង់​រកបាន​មួយ​គ្រាប់ បន្ទាប់ពី​ការ​ទាត់​ផ្ដាច់​របស់ CJ Bott។ នាទី​ទី 44 Jaqquie Hand រកបាន​មួយ​គ្រាប់​ជូន​នូ​វែ​ល​សេ​ឡង់ ដោយ​ងាយស្រួល ហើយក៏​ឈ្នះ 2-0។

អ្នកចាំទី​របស់​វៀតណាម​ឱ្យដឹងថា ក្រុម​របស់ខ្លួន​អាច​លេង​បានល្អ​ជាង​នេះ។ ពួកគេ​ចង់​រក្សា​កម្លាំង​នៅពេល World Cup 2023 កាន់តែ​ខិត​មកដល់។

Advertisement