​ពាន​រង្វាន់​​ជើងឯក​បាល់​ទាត់​អឺរ៉ុប Nations League បាន​ទៅ​លើ​ក្លឹប​របស់​អេស្ប៉ាញ

(ហូ​ឡង់) – អេ​ស្ប៉ា​ញ​ឈ្នះ​ក្រូ​អាត 5-4 នៅក្នុង​ការ​ទាត់​ប៉េ​ណាំង​ទី​ម្ដងម្នាក់ ក្រោយពី​ទទួលបាន​លទ្ធផល 0-0 ក្នុង​រយៈពេល 120 នាទី នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពី​ព្រលប់​ថ្ងៃទី 18 មិថុនា ដូច្នេះ ​អេ​ស្ប៉ា​ញ​បាន​លើក​ពាន​ជើងឯក Nations League។

ក្នុងការ​ប្រកួត អេ​ស្ប៉ា​ញ​គ្រប់គ្រង​បាល់​បាន 55% និង​ទាត់​ផ្ដាច់​បាន 21 លើក ច្រើនជាង​ឆ្ងាយ​ធៀប​នឹង 12 លើក​របស់​ក្រូ​អាត។ ក៏ប៉ុន្តែ ដោយសារតែ​នេះ​ជា​វគ្គ​ចុងក្រោយ ក្រុម​ទាំងពីរ​សុទ្ធតែ​ធ្វើបាន​ល្អ​ស្ទើរតែ​ដូចគ្នា នាំឱ្យមាន​លទ្ធផល 0-0 នៅក្នុង​ការប្រកួត​រយៈ​ពេល 120 នាទី។

ចូលដល់​វគ្គ​ទាត់​ប៉េ​ណាំង​ទី​ម្ដងម្នាក់ដើម្បី​ស្វែង​រក​អ្នក​ឈ្នះ អ្នកចាំទី Unai Simon បាន​ក្លាយជា​វីរបុរស​របស់​ប្រទេស​អេ​ស្ប៉ា​ញ។ Unai Simon រារាំង​បាល់​ប៉េ​ណាំង​ទី​បាន​ពីរ​គ្រាប់​របស់ Majer នៅ​គ្រាប់​ទី 4 និង Bruno Petkovic នៅ​គ្រាប់​ទី 6។ ចំណែក Nikola Vlasic, Marcelo Brozovic, Modric និង Ivan Perisic ទាត់​បានសម្រេច​ជូន​ក្រូ​អាត ខណៈ Joselu, Rodri, Mikel Merino, Marco Asensio និង Dani Carvajal សម្រេចបាន​ភារកិច្ច​ស​ម្រា​ប់​អេ​ស្ប៉ា​ញ។ បន្ទាប់ពី​អ្នកចាំទី Simon របស់​អេ​ស្ប៉ា​ញ រារាំង​គ្រាប់​បាល់​របស់ Petkovic បានសម្រេច Carvajal ក៏​ទាត់​ផ្ដាច់បាន​ជោគ​ជ័យ​ ជួយ​ឱ្យ​អេ​ស្ប៉ា​ញ​ឈ្នះ 5-4។

នេះ​ជា​លើកដំបូង​ហើយ​ដែល​ក្លឹប​បាល់​ទាត់​​របស់​ប្រទេស​អេ​ស្ប៉ា​ញ​ ដណ្ដើមបាន​ពាន​​រង្វាន់​ជើងឯក Nations League។

Nations League គឺជា​ការប្រកួត​ដណ្ដើម​ពានរង្វាន់​បាល់ទាត់​អន្តរជាតិ​ដែល​ត្រូវបាន​ធ្វើឡើង​ពីរ​ឆ្នាំ​ម្ដង រវាង​បណ្ដា​ក្រុម​ជម្រើសជាតិ​បុរស​លំដាប់​កំពូល​របស់​បណ្ដា​សមាគម​ជា​សមាជិក​របស់ UEFA។ UEFA គឺជា​​​ស្ថាប័ន​​គ្រប់គ្រង​ផ្នែក​បាល់ទាត់​របស់​អឺរ៉ុប។ ការប្រកួត​ដណ្ដើម​ពានរង្វាន់​នេះ បានចាប់ផ្ដើម​លើកដំបូង​កាលពី​ខែកញ្ញា ឆ្នាំ 2018៕

Advertisement