Messi រក​គ្រាប់​បាល់​បាន​លឿន​បំផុត​ក្នុង​អាជីព​ ពេល​ប៉ះ​អូស្ត្រាលី​នៅ​ប្រទេស​ចិន

(ប្រទេស​ចិន) – កំពូល​តារាបាល់ទាត់ Lionel Mess បានបង្ហាញ​កំពូល​ថ្វី​ជើង​របស់ខ្លួន​នៅ​វិនាទី​ទី 79 ដែល​បាន​ជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ឈ្នះ​អូស្ត្រាលី 2-0 នៅក្នុង​ការប្រកួត​មិត្តភាព​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន កាលពី​ព្រលប់​ម្សិលមិញ។

គ្រាប់​បាល់​ឈ្នះ​របស់ Messi កើតឡើង​បន្ទាប់ពី​ខ្សែបម្រើ Enzo Fernadez ដណ្ដើមបាន​បាល់​ពី​កីឡាករ​អូស្ត្រាលី រួច​បញ្ជូនទៅឱ្យ​ប្រធាន​ក្រុម។ Messi ទទួលបាន​បាល់​នៅត្រង់​ខ្សែ​កណ្ដាល អូស​បាល់​បញ្ច្រាសទិសរ​ត់រប​ស់​គូប្រជែង នាំឱ្យ​កីឡាករ​អូស្ត្រាលី​ម្នាក់​ដួល រួច​ទាត់​ប្លោង​សំដៅ​ជ្រុង​ម្ខាង ផុតពី​ដៃ​អ្នកចាំទី Matthew Ryan។ គ្រាប់​បាល់​នេះ​ពេញ​ដោយ​ស្ទីល​របស់ Messi ព្រោះ​កីឡាករ​នេះ​ធ្លាប់​រកបាន​គ្រាប់​បាល់​រាប់សិប​​គ្រាប់​តាមរយៈ​វិធី​ទាត់​បែបនេះ​នៅក្នុង​អាជីព។

នេះ​គឺជា​គ្រាប់​បាល់​ដែល​រកបាន​ឆាប់​បំផុត​ក្នុង​អាជីព​របស់ Messi ដោយសារ​កើតឡើង​នៅក្នុង​នាទី​ទី​ពីរ។ ក្នុង 90 នាទី​នៃ​ការប្រកួត​មិត្តភាព​រវាង​អា​ហ្ស​ង់​ទីន និង​អូស្ត្រាលី នៅ​ប្រទេស​ចិន Messi គ្រាន់តែ​មិន​អាច​រកបាន​គ្រាប់​បាល់​នៅ​នាទី​ដំបូង​ប៉ុណ្ណោះ។ នៅក្នុង 807 គ្រាប់​ដែល Messi រកបាន​ក្នុង​អាជីព មាន 45 គ្រាប់​រកបាន​ក្នុងពេល​ថែម​ម៉ោង​តង់​ទី​ពីរ និង 22 គ្រាប់​ក្នុងពេល​ថែម​ម៉ោង​តង់​ទីមួយ។ ក្រៅពីនេះ ពេលវេលា​ដែល M10 រកបាន​គ្រាប់​បាល់​ច្រើន​បំផុត​ក្នុង 90 នាទី គឺ​នៅ​នាទី​ទី 43 និង 55។

នៅពេល Messi ស៊ុត​ចូល​ទី ទស្សនិកជន​នៅឯ​កីឡដ្ឋាន​ពលករ​ក្នុង​ទីក្រុង​ប៉េកាំង នាំគ្នា​ស្រែ​កហ៊ោ​ដូច​ទៅនឹង​ក្រុម​ជម្រើស​ជាតិចិន​ទើបតែ​បាន​ទាត់​ចូល​ទី។ ថ្វីបើ​ទាត់​នៅ​ប្រទេស​ចិន ប៉ុន្តែ​ការប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន និង​អូស្ត្រាលី ទទួលបាន​ការគាំទ្រ​ពី​ទស្សនិកជន​ជិត 70,000 នាក់​នៅឯ​កីឡដ្ឋាន។ ទស្សនិកជន​ភាគច្រើន​ពាក់អាវ M10 របស់ Messi ដើម្បី​លើកទឹកចិត្ត​ក្រុម​អា​ហ្ស​ង់​ទីន។

ដោយសារតែ​កម្លាំង និង​បច្ចេកទេស​ខ្លាំងក្លា អា​ហ្ស​ង់​ទីន​ក៏​រកបាន​មួយ​គ្រាប់​ទៀត​នៅ​នាទី​ទី 68 ហើយ​នេះ​ក៏​ជា​គ្រាប់​បាល់​ដែល​កំណត់​​ឱ្យ​អា​ហ្ស​ង់​ទីន​ឈ្នះ​អូស្ត្រាលី 2-0។ គ្រាប់​បាល់​នេះ​ក៏មាន​ការរួមចំណែក​ពី Messi នៅពេល​គាត់​បញ្ជូន​បាល់​ឱ្យ Rodrigo de Paul ដើម្បីឱ្យ​ខ្សែបម្រើ​នេះ​ប្លោង​បាល់​បន្ត ជួយ​ឱ្យ German Pezzella តែ​ត​បញ្ចូល​ទី​បានសម្រេច។

បន្ទាប់ពី​ការប្រកួត​នេះ អា​ហ្ស​ង់​ទីន​នឹង​ហោះ​ទៅកាន់​ហ្សា​ការ​តា ដើម្បី​ប្រកួត​មិត្ត​ភាពជា​មួយក្រុម​ឥណ្ឌូណេស៊ី ប៉ុន្តែ Messi ទំនងជា​នឹង​អវត្តមាន។ ព្រោះថា គាត់​បាន​យល់ព្រម​លេង​បាល់​ក្នុងការ​ប្រកួត​ផ្ដល់​កិត្តិយស និង​សម្ដែង​ការដឹក​គុណ​ដល់​អតីត​ខ្សែបម្រើ Juan Roman Riquelme នៅ​ថ្ងៃទី 26 មិថុនា នៅ​អា​ហ្ស​ង់​ទីន៕

Advertisement