ក្លឹប​បាល់​ទាត់ PSG ប្រកាស​អំពី​តម្លៃ​ខ្លួន​របស់​កំពូល​​កីឡាករ​ Mbappe

Al-Khelafi (ឆ្វេង) និង Kylian Mbappe (ស្ដាំ) កាល​ពី​ឆ្នាំ 2022

ម្ចាស់ជើង​ឯក​ពាន​រង្វាន់ Ligue 1 ទំនង​ជា​នឹង​ទទួល​យក​ការ​លក់​ Kylian Mbappe ក្នុង​តម្លៃ​ 160 លាន​ដុល្លារអាម៉េរិក​ ក្នុង​ពេល​ឆាប់​ៗ​ ព្រោះ​មិន​ចង់​ប្រឈម​នឹង​ហានិភ័យ​ត្រូវ​បាត់​បង់​កីឡាករ​នេះទទេ​ៗ​ ​នៅ​រដូវ​ក្ដៅ​ឆ្នាំ 2024​។

យោង​តាម​ ESPN ប្រធាន​ Nasser Al Khelaifi យល់​ព្រម​ឱ្យ​ Mbappe ចាក​ចេញ​នៅ​ក្នុង​រដូវ​ក្ដៅ​ឆ្នាំ 2023​ បើសិន​ជា​ទទួល​បាន​ប្រាក់​ដោះ​ដូរ​ 150 លាន​អឺរ៉ូ (ប្រហែល 160 លាន​ដុល្លារ​អាម៉េរិក)​ ព្រោះ​ថា សុពលភាព​កិច្ច​ព្រម​ព្រៀង​របស់​ Mbappe នៅ​ក្លឹប​ PSG នេះ នៅ​សល់​តែ​មួយ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​។

សារព័ត៌មាន​ខាងលើ​ក៏​បាន​ឱ្យ​ដឹង​ថា ក្លឹប​ថ្មី​របស់ Mbappe អាច​ជា​ Real បើ​សិន​ចាក​ចេញ​ពី PSG។ ចំណែកសារព័ត៌មាន​បារាំង L’Équipe ក៏​បាន​ផ្សាយ​ថា ក្លឹប Real បាន​​ត្រៀមខ្លួន​រួច​រាល់​ដើម្បី​ដោះ​ដូរ​យក​ Mbappe ដោយ​មិន​រង់​ចាំ​ទិញ​ក្នុង​ក្រម​ខណ្ឌ​កីឡាករ​សេរី​នៅ​រដូវ​ក្ដៅ​ឆ្នាំ​ក្រោយ​។

PSG កំពុងស្ថិត​ក្នុង​ការ​ប្រែប្រួល​ខ្លាំង​នៅ​រដូវ​កាល​នេះ​។​ Sergio Ramos, Lionel Messi បាន​ចាក​ចេញ​ទៅ​តាម​ទម្រង់​សេរី ខណៈ​ដែល Neymar ទទួល​បាន​សំណើទិញ​ក្នុង​តម្លៃ​ 300 លាន​ដុល្លារ​អាម៉េរិក​/ឆ្នាំ​ ពី​​ក្លឹប Al Hilal នៅ​អារ៉ាប៊ីសាអូឌីត​​។ ចំណែក​ Mbappe វិញ​ក៏​បាន​ជូន​ដំណឹង​អំពី​ការ​​មិន​ពន្យារ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្លឹប​នេះ​ផងដែរ​។

ទំព័រ ESPN យល់​ថា ការ​ចាកចេញ​របស់ Mbappe នឹង​បង្ក​ការ​ខាត​បង់​ធំ​សម្រាប់ PSG ព្រោះ​ថា បច្ចុប្បន្ន​កីឡាករ​រូប​នេះ​ត្រូវ​បាន​ចាត់ទុក​ថា ​ជា​និមិត្ត​រូប​របស់​ប្រទេស​បារាំង​ ដោយ​ត្រូវ​បាន​វាយ​តម្លៃ​ថា​ជា​តារា​ធំបំផុត​​បន្ទាប់​ពី​ Messi និង Ronaldo​៕

Advertisement