(ហុងគ្រី) – អ្នកគាំទ្រក្រុមបាល់ទាត់អ៊ីតាលី Roma នាំគ្នាជេរប្រមាថ គប់ដបទឹក និងកៅអីជាដើម សំដៅលើ Anthony Taylor គ្រាដែលអាជ្ញាកណ្ដាលរូបនេះត្រូវបានប៉ូលិសអមដំណើរចូលបន្ទប់ដោយឡែកនៅព្រលានយន្តហោះ Budapest បន្ទាប់ពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Europa League។
ពេលបង្ហាញវត្តមាននៅអាកាសយានដ្ឋានដើម្បីត្រៀមចាកចេញពីប្រទេសហុងគ្រីកាលពីថ្ងៃទី 01 មិថុនា 2023 អាជ្ញាកណ្ដាលជនជាតិអង់គ្លេស លោក Taylor ត្រូវបានអ្នកគាំទ្ររបស់ក្រុមបាល់ទាត់អ៊ីតាលី Roma ឡោមព័ន្ធ និងជេរប្រមាថ។ លើសពីនេះក៏មានអ្នកខ្លះស្រែកថា «សម្លាប់វាទៅ» ខណៈដែលអ្នកខ្លះគប់ដបទឹកសុទ្ធសំដៅអាជ្ញាកណ្ដាល និងក្រុមគ្រួសារ។
ដើម្បីការពារសុវត្ថិភាព ក្រុមប៉ូលិសក៏បានអមដំណើរលោក Taylor និងគ្រួសារ ចូលទៅក្នុងបន្ទប់ដោយឡែក។ ពេលនោះ មនុស្សម្នាក់ថែមទាំងបានគប់កៅអីសំដៅប៉ូលិសដែលកំពុងឈរការពារអាជ្ញាកណ្ដាល និងសមាជិកគ្រួសាររបស់គាត់។
ក្រោយមក ស្ថានប័នគ្រប់គ្រងអាជ្ញាកណ្ដាលអាជីពអង់គ្លេស (PGMOL) បានប្រកាសថា ស្ថាប័ននេះមានការភ័យខ្លាចនៅចំពោះមុនទង្វើមិនសមហេតុផល និងអាក្រក់ដែលអ្នកគាំទ្របានប្រព្រឹត្តចំពោះ Taylor និងគ្រួសារ នៅពេលពួកគេព្យាយាមត្រលប់ទៅផ្ទះ ក្រោយពីវគ្គផ្ដាច់ព្រ័ត្រ Europa League។
សារព័ត៌មានអ៊ីតាលីបានហៅហេតុការណ៍នេះថាជា «ករណីវឹកវរ Taylor» និងយល់ថា គ្រូបង្វឹក Jose Mourinho ត្រូវទទួលខុសត្រូវចំពោះការបង្កឱ្យមានបរិយាកាសតានតឹងនេះ។ ព្រោះថា ក្រោយវគ្គផ្ដាច់ព្រ័ត្រនៅ Europa League លោក Mourinho បានជេរប្រទេចអាជ្ញាកណ្ដាលនៅឯចំណតរថយន្ត ដោយសារយល់ថា លោក Taylor កាត់ក្ដីលំអៀងទៅរកក្រុមអេស្ប៉ាញ Sevilla។
ការប្រកួតបាល់ទាត់រវាងក្រុម Roma របស់អ៊ីតាលី និងក្រុម Sevilla របស់អែស្ប៉ាញក្នុងវគ្គផ្ដាច់ព្រ័ត្រនៅពានរង្វាន់ Europa League ដែលធ្វើឡើងនៅទីលាន Puskas Arena របស់ប្រទេសហុងគ្រី កាលពីព្រលប់ថ្ងៃទី 31 ឧសភា 2023 ក្រុមទាំងពីរទទួលបានលទ្ធផល 1-1 ក្នុង 120 នាទីដំបូង។ ប៉ុន្តែ Roma បានចាញ់ Sevilla 1-4 ក្នុងការទាត់ប៉េណាំងទីម្ដងម្នាក់។ លទ្ធផលនេះជួយឱ្យ Sevilla លើកពានជើងឯកនៅ Europa League។