ក្លិប​ញញួរ​ធំ West Ham United តែងតាំងគ្រូបង្វឹកថ្មីក្នុងកិច្ចសន្យាសាកល្បង

ក្លិប​ញញួរ​ធំ West Ham United នឹង​ត្រូវ​តែង​តាំង​លោក David Moyes ក្នុង​កិច្ច​សន្យា​សាក​ល្បង​រយៈ​ពេល​6​ខែ ដោយផ្តល់​​តួនាទី​ឲ្យ​លោក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ស្រោច​ស្រង់​ឲ្យ​ពួក​គេ​គេច​ឲ្យ​ផុត​ពី​​​គ្រោះ​ថ្នាក់​នៃ​ការ​ធ្លាក់​ចូល​ក្នុង​តំបន់​កាត់​ចោល ក្រោយពី​អស់​ការ​ជឿ​ជាក់​ទៅលើ​​សមត្ថ​ភាព​របស់​លោក Slaven Bilic ក្នុង​ការ​សង្គ្រោះ​ពួក​គេ​។

ក្លិប​នេះ​សង្ឃឹម​ថា លោក Moyes អតីត​គ្រូ​បង្វឹក​របស់​ក្លិប Sunderland អាច​ដឹក​នាំ​ការ​ហ្វឹក​ហាត់​នៅ​ព្រឹក​ថ្ងៃ​​អង្គារ​នេះ ខណៈ​ដែល​លោក Alan Irvine, Chris Woods និង​លោក​ Stuart Pearce អាច​នឹង​ចូល​រួម​​​ធ្វើ​ការ​ជា​មួយ​នឹង​លោក Moyes ក្នុង​នាម​ជា​ជំនួយការ​គ្រូ​បង្វឹក​។ លោក Moyes នឹង​ទទួល​បាន​​ការ​បន្ត​កុង​ត្រា​​ថ្មី​រយៈ​ពេល​2​ឆ្នាំ ប្រសិន​បើ​​គាត់​អាច​​ជួយ​ឲ្យ​ក្លិប West Ham ​រក្សា​វត្ត​មាន​ក្នុង​ក្រប​ខ័ណ្ឌ Premier League បាន​។ លោក Bilic ដែល​កិច្ច​សន្យា​របស់​លោកនឹង​ត្រូវ​ផុត​កំណត់​នៅ​រដូវក្តៅ​ក្រោយ​នោះ ត្រូវ​បាន​​បណ្តេញ​ចេញ​​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ក្រោយ​ពី​​ជួប​លទ្ធផល​ដ៏​សែនខក​ចិត្ត​ជា​បន្ត​បន្ទាប់​​នៅ​រដូវ​កាល​នេះ ដែល​បាន​ធ្វើ​ឲ្យ​ក្លិប West Ham ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​18 ហើយ​ពួក​គេ​ដណ្តើម​បាន​ជ័យ​ជម្នះ​ត្រឹម​តែ​2លើក​គត់ ពី​ការប្រកួត​ក្រប​ខ័ណ្ឌ Premier League 11​លើក​ចុងក្រោយ​របស់​ពួក​គេ​។ បើ​ទោះ​បី​​លោក David Gold និង​លោក David Sullivan ដែល​ជា​ម្ចាស់​ក្លិប​របស់ West Ham ធ្លាប់​បាន​សង្ឃឹម​ថា ការ​ផ្តល់​​ពេល​វេលា​ឲ្យ​អ្នក​ចាត់​ការ​ទូទៅ​​រូប​នេះ នឹង​ទទួល​បាន​លទ្ធផល​ល្អ ក៏ដោយ ប៉ុន្តែ ការ​រង​បរា​ជ័យ​យ៉ាង​ចាស់​ដៃ​ក្នុង​លទ្ធផល 4-1 ក្រោម​ស្នា​ដៃក្រុម Liverpool នៅ​កីឡដ្ឋាន London បាន​ក្លាយ​ជា​​ចំណុច​កាត់​សេចក្តីរបស់ម្ចាស់ក្លិបនេះ​តែម្តង​។ លោក Nikola Jurcevic, Edin Terzic, Julian Dicks និង​លោក Miljenko Rak ដែល​ជា​​គ្រូ​បង្វឹក​ជំនួយ​របស់​​អ្នក​ចាត់​ការ​ទូទៅ​សញ្ជាតិ​ក្រូ​អាស៊ី​រូបនេះ ក៏ត្រូវ​ចាក​ចេញ​ផងដែរ​៕

Slaven Bilic

ប្រភពី៖ The Guardian

Advertisement