កម្ដៅ​របស់​បាល់​ទាត់កម្ពុជា និង​មហិច្ឆតា​​​ក្លាយ​ជា​ម្ចាស់​​​មេដាយ​​នៅ​ស៊ីហ្គេម​​​លើក​ទី 32

សំបុត្រ​ជាង 14,000 សម្លឹក​ត្រូវ​បាន​បែង​ចែក​អស់​នៅក្នុង​រង្វង់​មួយ​ម៉ោង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ ខណៈ​អ្នក​គាំទ្រ​ជា​ច្រើន​នៅតែ​ស្វែង​រក​សំបុត្រ​ចូល​ទស្សនាពិធី​សម្ពោធ​បើក​ការ​ប្រកួត​បាល់​ទាត់​បុរស​នៅ​ស៊ីហ្គេម​លើកទី 32 ​ដែល​មាន​ការ​ប្រកួត​រវាង​ U-22 កម្ពុជា និង​ U-22 ទីម័រខាងកើត​ ធ្វើ​ឱ្យ​បាល់​ទាត់​នៅ​កម្ពុជា​ឡើង​កម្ដៅ​ខ្ពស់មិន​ធ្លាប់​មាន​ពីមុន​មក​។

កម្ពុជា​បាន​ចំណាយ​ពេល​ដប់ឆ្នាំ​នៅ​ក្នុង​ការ​វិនិយោគ​សម្រាប់​ក្រុម​ U-22 បច្ចុប្បន្ន ដោយ​សង្ឃឹម​ថា អាច​ដណ្ដើម​បាន​មេដាយ​នៅ​ស៊ីហ្គេម​លើក​នេះ​។ កាល​ពីបួន​ឆ្នាំ​មុន​ ក្នុង​ព្រឹត្តិការណ៍​​ស៊ីហ្គេម​លើក​ទី 30 នៅ​ហ្វ៊ីលីពីន ក្រុម​បាល់​ទាត់​កម្ពុជា​បាន​ចូល​ទៅ​ក្បែរ​ពាន​រង្វាន់​មេដាយ​សំរឹទ្ធ​បំផុត​ ពេល​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ប៉ុន្តែ​ត្រូវ​ចាញ់ U-23 វៀតណាម 0-4​ ហើយ​ក្រោយ​មក​ក៏​បាន​បរាជ័យ​ក្នុង​ការ​ប្រជែង​ដណ្ដើម​មេដាយ​សំរឹទ្ធ​ជាមួយ​នឹង​ U-23 មីយ៉ាន់ម៉ា​។

បច្ចុប្បន្ន U-22 កម្ពុជា​កំពុង​តែ​មាន​ប្រៀប​ជាង​ក្រុម​មួយ​ចំនួន​ទៀត​ ដោយ​សារ​តែ​បាន​ទាត់​នៅ​លើ​ទីលាន​ផ្ទាល់​ខ្លួន​ និង​ស្ថិត​ក្នុង​ពូល​ដែល​មើល​ទៅ​មិន​សូវ​គ្រោះ​ថ្នាក់​ ក៏​ដូច​ជា​​ការ​​ទទួល​បាន​ការ​គាំទ្រ​​លើក​ទឹក​ចិត្ត​ច្រើន​លើស​លុប​​ពី​ពលរដ្ឋ​ក្នុង​ស្រុក​ នៅ​ពេល​សំបុត្រ​ចូល​ទស្សនា​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ 0 រៀល​។ ក៏ប៉ុន្តែ គ្រាប់​បាល់​មូល​នៅ​លើ​ទីលាន​ប្រកួត អាច​កែ​ប្រែ​ស្ថានភាព​គ្រប់​យ៉ាង​។

អ្នកគាំទ្រ​កម្ពុជា

នៅ​សល់​តែ​បី​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ក្រុម​បាល់​ទាត់​ម្ចាស់​ផ្ទះ​កម្ពុជា​ ​នឹង​ត្រូវ​ចូល​ប្រកួត​បើក​ឆាក​ជាមួយ​នឹង​​ក្រុម​ U-22 ទីម័រខាងកើត​​។ ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី 29 មេសា 2023​៕

Advertisement