កីឡាការិនី​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ហ្វ៊ី​លី​ពី​ន​ប្ដេជ្ញា​ដណ្ដើម​មេដាយមាស​នៅ​ស៊ី​ហ្គេម​កម្ពុជា

ខ្សែការពារ Hali Long បាន​អះអាងថា ក្រុមបាល់ទាត់​នារី​ហ្វ៊ី​លី​ពី​ន​នឹង​ប្រឹងប្រែង​ឡើង​ឱ្យដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​លើក​ទី 32 ដើម្បី​នាំយក​មេដាយមាស​ជូន​ប្រទេសជាតិ។

យោងតាម​ទំព័រ One Sports របស់​ហ្វ៊ី​លី​ពី​ន កីឡាការិនី​ខ្សែការពារ​របស់​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​របស់​ប្រទេស​នេះ ថ្មីៗនេះ​បាន​ចែករំលែក​ព័ត៌មាន​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ស្ដីពី​គោលដៅ​របស់ Filipinas (រហ័ស​នាម​របស់​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​​ហ្វ៊ី​លី​ពី​ន) នៅ​ស៊ី​ហ្គេម​លើក​ទី 32 នៅក្នុង​កម្មវិធី​កីឡា «The Game»។

Hali Long ឱ្យដឹងថា បន្ទាប់ពី​មេដាយ​សំរឹទ្ធ​នៅ​ស៊ី​ហ្គេម​លើក​ទី 31 ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​ហ្វ៊ី​លី​ពី​ន កំពុង​ឆ្ពោះទៅរក​មេដាយ​ដទៃទៀត​នៅឯ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​ឆ្នាំ 2023 ដែល​នឹង​ធ្វើឡើង​នៅ​កម្ពុ​ជានា​ប៉ុន្មាន​ថ្ងៃ​ខាងមុខ។

«សម្រាប់​ខ្ញុំ គោលដៅ​របស់​ក្រុម​នារី​ជម្រើសជាតិ​ហ្វ៊ី​លី​ពី​ន​ត្រូវតែ​ជា​មេដាយមាស ឬ​សំរឹទ្ធ។ យើង​មិន​ចង់​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​ក្រោយមក​ត្រូវ​បរាជ័យ។ ក្រុម​នារី​ជម្រើសជាតិ​ហ្វ៊ី​លី​ពី​ន​ចង់​មាន​វត្ត​មាននៅ​ក្នុងការ​ប្រកួត​ចុងក្រោយ និង​ដណ្ដើមបាន​ជ័យជម្នះ» Hali Long ឱ្យដឹង​ដូច្នេះ។

Hali Long

ក្នុង​រយៈពេល​ពីរ​ឆ្នាំ​មកនេះ ក្រុមបាល់ទាត់​នារី​ហ្វ៊ី​លី​ពី​ន​បាន​រីកចម្រើន​គួរឱ្យកត់សម្គាល់។ Hali Long រួម​នឹង​មិត្ត​រួម​ក្រុម​ដណ្ដើមបាន​សំបុត្រ​ទៅ​ចូលរួម​ប្រកួត​នៅ World Cup 2023 ។ ទន្ទឹមនឹងនេះ Filipinas ក៏បាន​យកឈ្នះ​លើ​ក្រុម​វៀតណាម និង​ថៃ ក្លាយជា​ជើងឯក​នៅ AFF Cup 2022 ។

ជាង​នេះ ក្រុមបាល់ទាត់​នារី​ហ្វ៊ី​លី​ពី​ន​ក៏បាន​បង្ហាញ​កម្លាំង​ដ៏​ល្អ​របស់ខ្លួន​នៅ​វគ្គ​ជម្រុះ​ទីមួយ​នៅ Olympic Paris 2024 ដោយបាន​ផ្ដួល​ប៉ា​គី​ស្ថាន (4-0), តា​ហ្ស៊ី​គី​ស្ថាន (8-0) និង​ហុងកុង (4-0) ហើយក៏​បាន​ឡើងដល់​វគ្គ​ជម្រុះ​ទី​ពីរ។

ទោះជា​យ៉ាងណាក៏ដោយ Hali Long នៅតែ​ប្ដេជ្ញា​ផ្ដោត​ការយកចិត្តទុកដាក់​ខ្ពស់​សម្រាប់​គោលដៅ​នៅ​ស៊ី​ហ្គេម​កម្ពុជា។ នាង​យល់ថា ក្រុម​នារី​ហ្វ៊ី​លី​ពី​ន​នឹងមិន «ដេកលក់» នៅលើ​ជោគជ័យ​ដែល​ដណ្ដើមបាន​នាពេល​កន្លង​នោះឡើយ។

កីឡាការិនីនៃក្រុមបាល់ទាត់ជម្រើសជាតិហ្វ៊ីលីពីន

នៅ​ស៊ី​ហ្គេម​លើក​ទី 32 ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​ហ្វ៊ី​លី​ពី​ន​ស្ថិតក្នុង​ពូ​ល A ដែលមាន​ក្រុម​វៀតណាម ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា។ ដោយមាន​សមិទ្ធផល និង​កម្លាំង​ខ្លាំងក្លា​នាពេល​កន្លង ក៏​ដូចជា​បច្ចុប្បន្ន​ Hali Long និង​ក្រុម​ជម្រើសជាតិ​ហ្វ៊ី​លី​ពី​ន​ត្រូវបាន​វាយតម្លៃ​​ថា​ជា​បេក្ខភាព​ដ៏​លេចធ្លោ​សម្រាប់​មេដាយមាស​នៅ​ស៊ី​ហ្គេម​លើក​នេះ៕

Advertisement