​ក្រុម​​គុន​ល្បុក្កតោ​ជម្រើសជាតិ​វៀតណាម​​ នឹង​ទទួល​បាន​​រង្វាន់​បន្ថែម​ ​ពេល​ដណ្ដើម​បាន​មេដាយ​

ក្រុមគុនល្បុក្កតោជម្រើសជាតិវៀតណាម ដណ្ដើមបានមេដាយមាសចំនួនបីគ្រឿង, មេដាយប្រាក់បីគ្រឿង និងមេដាយសំរឹទ្ធបីគ្រឿង នៅក្នុងការប្រកួតដណ្ដើមជើងឯកគុនល្បុក្កតោអាស៊ីអាគ្នេយ៍ឆ្នាំ 2023

ដំណឹង​ល្អ​បាន​លេចឡើង​សម្រាប់​កីឡាករ​នៃ​ក្រុម​គុន​ល្បុក្កតោ​ជម្រើសជាតិ​វៀតណាម គ្រា​ដែល​នៅសល់​មិន​ដល់​ពីរ​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ ស៊ី​ហ្គេម​លើក​ទី 32 នឹង​ត្រូវបាន​សម្ពោធ​បើក​ការប្រកួត​នៅ​កម្ពុជា។

ដំណឹង​ល្អ​ខាងលើ នោះ​គឺ​អត្តពលិក​ដែល​ដណ្ដើមបាន​មេដាយមាស​ក្នុង​វិញ្ញាសា​ប្រកួត​ក្បាច់គុន​ល្បុក្កតោ​នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​នៅ​កម្ពុជា នឹង​ទទួលបាន​ប្រាក់រង្វាន់ 20 លាន​ដុង ពី​សហព័ន្ធ​កីឡា​គុន​បុរាណ​វៀតណាម។

លោក ង្វៀន ង៉ុ​ក​អា​ញ់ ប្រធាន​សហព័ន្ធ​កីឡា​គុន​បុរាណ​វៀតណាម បានឱ្យដឹងថា «ដើម្បី​គាំទ្រ និង​លើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក​នៃ​ក្រុមកីឡា​គុន​ល្បុក្កតោ​ជម្រើសជាតិ​វៀតណាម សហព័ន្ធ​ក្បាច់គុន​បុរាណ​វៀតណាម នឹង​ផ្ដល់​ប្រាក់​​រង្វាន់ 20 លាន​ដុង (ជាង 850 ដុល្លារ​អាម៉េរិក) ​ដល់​អត្ត​ព​លិ​កម្នាក់ៗដែល​ដណ្ដើមបាន​មេដាយមាស​ក្នុង​វិញ្ញាសា​ប្រកួត​ក្បាច់គុន​ល្បុក្កតោ​នៅ​ស៊ី​ហ្គេម​លើក​ទី 32»។

យោងតាម​សារព័ត៌មាន​វៀតណាម ការលើកទឹកចិត្ត ក៏ដូចជា​ការប្រកាស​ផ្ដល់​រង្វាន់​ទាន់ពេល​នេះ​នឹង​ក្លាយជា​ការជំរុញ​ដ៏​សំខាន់​ដើម្បី​​ឱ្យ​កូនសិស្ស និង​គ្រូបង្វឹក​របស់​ក្រុម​គុន​ល្បុក្កតោ​ជម្រើសជាតិ​វៀតណាម ឆ្ពោះទៅរក​លទ្ធផល​ល្អ​ក្នុង​ការ​ប្រកួត​​ស៊ី​ហ្គេម​នៅ​កម្ពុជា។

អត្តពលិកដែលដណ្ដើមបានមេដាយមាសក្នុងវិញ្ញាសាប្រកួតក្បាច់គុនល្បុក្កតោនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅកម្ពុជា នឹងទទួលបានប្រាក់រង្វាន់ 20 លានដុង

លោក ឡេ កុង​ប៊ុត ប្រធាន​ក្រុម​គ្រូបង្វឹក​របស់​ក្រុម​គុន​ល្បុក្កតោ​វៀតណាម បាន​និយាយថា «តាម​ការកំណត់ អត្ត​ព​លិ​កម្នាក់ៗដែល​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម នឹង​ទទួលបាន​ប្រាក់​​រង្វាន់ 45 លាន​ដុង​សម្រាប់​មេដាយមាស, 25 លាន​ដុង​សម្រាប់​មេដាយប្រាក់ និង 20 លាន​ដុង​សម្រាប់​មេដាយ​សំរឹទ្ធ»។

វិញ្ញាសា​គុន​ល្បុក្កតោ​របស់​កម្ពុជា ថ្វីបើ​ទើបតែ​មាន​វត្តមាន​ជា​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ប៉ុន្តែ​តាម​គម្រោង នឹងមាន​ប្រាំ​ក្រុម​ចូលរួម​ប្រកួត​ដណ្ដើម​មេដាយ​ចំនួន 19 គ្រឿង។

យោងតាម​កាលវិភាគ​នៃ​ការប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី 32 វិញ្ញាសា​គុន​ល្បុក្កតោ​នឹង​សម្ពោធ​បើក​ការប្រកួត​នៅ​ថ្ងៃទី 05 ឧសភា ហើយ​ចាប់ផ្ដើម​ការប្រកួត​ពីថ្ងៃ​ទី 06 ដល់ 14 ឧសភា 2023៕

Advertisement