ក្រុមបាល់ទាត់​មួយ​​ក្នុង​ពូ​ល​ជាមួយ​កម្ពុជា បរាជ័យ​ជា​បន្តបន្ទាប់​នៅ​ប្រទេស​ថៃ មុន​ស៊ី​ហ្គេម​មកដល់

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ U-22 របស់​មីយ៉ាន់ម៉ា

ក្រុមបាល់ទាត់​បុរស U-22 មី​យ៉ាន់​ម៉ា បន្ត​ចាញ់​មួយ​ប្រកួត​ទៀត​នៅក្នុង​ដំណើរ​បោះជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ ដើម្បី​ត្រៀមខ្លួន​សម្រាប់​មក​ប្រកួត​នៅ​កម្ពុជា។

U-22 មី​យ៉ាន់​ម៉ា បាន​ទៅកាន់​ប្រទេស​ថៃ​ដើម្បី​ហ្វឹកហាត់​តាំងពី​ថ្ងៃទី 11 មេសា ក្នុងនោះ​ពួកគេ​មានការ​ប្រកួត​មិត្តភាព​ចំនួន​បួន​ប្រកួត​ជាមួយ​បណ្ដា​ក្រុមបាល់ទាត់​ដែល​លេង​នៅ​ពានរង្វាន់ Thai League។

ថ្មីៗនេះ U-22 មី​យ៉ាន់​ម៉ា​បានបញ្ចប់​ការប្រកួត​ចុងក្រោយ​នៃ​ដំណើរ​បោះជំរំ​ហ្វឹកហាត់​របស់ខ្លួន ដោយបាន​ចាញ់ Customs United 0-2។ មុន​នោះ U-22 មី​យ៉ាន់​ម៉ា​ក៏បាន​ចាញ់ Rachaburi FC 0-4 និង​ចាញ់ Samutsongkhram FC 1-4។ ជ័យជម្នះ​តែមួយគត់​ដែល U-22 មី​យ៉ាន់​ម៉ា​ដណ្ដើមបាន​គឺ​ការ​ប៉ះ​ក្រុម Bangkok FC ក្នុង​លទ្ធផល 1-0។

U-22 មី​យ៉ាន់​ម៉ា បាន​កោះហៅ​កីឡាករ​សរុប 27 នាក់ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ស៊ី​ហ្គេម​នៅ​កម្ពុជា។ ប៉ុន្តែ បច្ចុប្បន្ន គ្រួ​បង្វឹក Michael Feichtenbeiner មិនទាន់មាន​កីឡាករ​គ្រប់​ចំនួន​នៅឡើយ ក្នុងនោះ​កំពូល​កីឡាករ Hein Htet Aung ដែលជា​ក្ដីសង្ឃឹម​របស់​មី​យ៉ាន់​ម៉ា ក៏​មិនទាន់​បង្ហាញ​វត្តមាន ព្រោះតែ​ជាប់រវល់​ប្រកួត​ឱ្យ​ក្លឹប Selangor នៅ​ពានរង្វាន់​ជើងឯក​ម៉ាឡេស៊ី។

ក្រៅពី U-22 មី​យ៉ាន់​ម៉ា ក៏មាន​ពីរ​ក្រុម​ផ្សេងទៀត​ដែល​ស្ថិតក្នុង​ពូ​ល A នៃ​វិញ្ញាសា​បាល់ទាត់​បុរស​នៅ​ស៊ី​ហ្គេម​លើក​ទី 32 ដែល​បោះជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ នោះ​គឺ កម្ពុជា និង​ទី​ម័​រ​ខាងកើត។

នៅ​ស៊ី​ហ្គេម​លើក​នេះ U-22 មី​យ៉ាន់​ម៉ា ស្ថិតក្នុង​ពូ​ល A ជាមួយ កម្ពុជា ឥណ្ឌូណេស៊ី ហ្វ៊ី​លី​ពី​ន និង​ទី​ម័​រ​ខាងកើត។ សម្រាប់​ពូ​ល B វិញ រួមមាន វៀតណាម ថៃ ម៉ាឡេស៊ី សិង្ហ​បុរី និង​ឡាវ៕

Advertisement