ចង់បាន​សំបុត្រ​ចូល​មើល​ការប្រកួត​កីឡា​នៅ​ស៊ី​ហ្គេម​ដោយ​មិន​គិតថ្លៃ ត្រូវធ្វើ​បែបណា?

ដើម្បី​ទទួលបាន​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​កីឡា​ស៊ី​អាស៊ីអាគ្នេយ៍​លើក​ទី 32 នាពេលឆាប់ៗនេះ មិត្ត​អ្នកអាន​អាច​ចូលទៅ​យកបាន​តាមរយៈ​កម្មវិធី​ទូរស័ព្ទ Seagames2023 និង​នៅតាម​ទីតាំង​ប្រកួត។ នេះ​បើតាម ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) លើក​ទី 32 ឆ្នាំ 2023 (CAMSOC)។

យោងតាម​ព័ត៌មាន​ផ្លូវការ កម្មវិធី​ទូរស័ព្ទ​ឈ្មោះ Seagames2023 នឹង​មានការ​ដាក់ជូន​នូវ​សំបុត្រ​សម្រាប់​ចូល​ទស្សនាការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ដោយ​មិន​គិតថ្លៃ។ មិត្ត​អ្នកអាន​អាច​ទាញយក​កម្មវិធី​ទូរស័ព្ទ​ឈ្មោះ Seagames2023 បាន​ពី​ក្នុង https://www.facebook.com/2023seagames ដែលជា​ទំព័រ Facebook ផ្លូវការ​របស់ CAMSOC និង​ពី​គេហទំព័រ www.cambodia2023.com  របស់ CAMSOC។

ទន្ទឹមនឹង​មធ្យោបាយ​ខាងលើ មិត្ត​អ្នកអាន​ក៏​អាច​ទៅកាន់​កន្លែង​ប្រកួត​ផងដែរ ដើម្បី​ចុះឈ្មោះ​ទទួលយក​សំបុត្រ។ អគ្គលេខាធិការ​របស់ CAMSOC បានឱ្យដឹងថា ការផ្ដល់ជូន​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​កម្ពុជា នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី 20 ឬ 21 មេសា 2023។

ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) លើក​ទី 32

ស៊ី​ហ្គេម​លើក​ទី 32 នឹង​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី 05 ដល់ 17 ឧសភា 2023 នៅ​កម្ពុជា។ បាល់ទាត់​បុរស​នឹង​ជា​វិញ្ញាសា​ដែល​ត្រូវ​ចាប់ផ្ដើម​ការប្រកួត​មុនគេ ពោលគឺ​ពីថ្ងៃ​ទី 29 មេសា។

ក្រុម​ជម្រើសជាតិ U-22 កម្ពុជា ស្ថិតក្នុង​ពូ​ល A ជាមួយ ឥណ្ឌូណេស៊ី មី​យ៉ាន់​ម៉ា ហ្វ៊ី​លី​ពី​ន និង​ទី​ម័​រ​ខាងកើត។ សម្រាប់​ពូ​ល B វិញ រួមមាន វៀតណាម ថៃ ម៉ាឡេស៊ី សិង្ហ​បុរី និង​ឡាវ៕

=> ដើម្បី​បាន​លឿន មិត្ត​អ្នក​អាន​អាច​ចូលទៅ​កាន់តំណ​ភ្ជាប់​នេះ (សម្រាប់​ iOS) និងតំណភ្ជាប់​នេះ (សម្រាប់​ Android) ដើម្បី​ទាញ​យក​កម្មវិធីទូរស័ព្ទ​ដៃ​រ Seagames2023។

Advertisement