អតីត​គ្រូបង្វឹក​បាល់​ទាត់​ U-22 ថៃ «​ខ្លាច​» ម៉ាឡេស៊ី គ្រា​ដែល​ឥណ្ឌូណេស៊ី​ «ខ្លាច» ​កម្ពុជា

អតីត​គ្រូបង្វឹក​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ Wittaya Laohakul បាន​បង្ហើប​ឱ្យដឹង​អំពី​ក្រុម​ដែល​អាចជា​បេក្ខភាព​លំដាប់​កំពូល​សម្រាប់​មេដាយមាស​នៅ​ស៊ី​ហ្គេម​លើក​ទី 32 ក្នុងពេលដែល គ្រូបង្វឹក​របស់​ឥណ្ឌូណេស៊ី បែរជា​ខ្លាច​ចាញ់​កម្ពុជា​ទៅវិញ។

យោងតាម​ទំព័រ Siam Sport នៅ​ប្រទេស​ថៃ អតីត​គ្រូបង្វឹក Wittaya Laohakul អះអាងថា ខ្លួន​លោក​មិន​បារម្ភ​ទេ​នៅពេល U-22 ថៃ ត្រូវ​ប៉ះ U-22 វៀតណាម​យ៉ាង​ឆាប់​នៅ​វគ្គ​ចែក​ពូ​ល។ ប៉ុន្តែ លោក​យល់ថា U-22 ម៉ាឡេស៊ី ទើប​ជា​គ្រោះថ្នាក់​ដែល​ក្រុម​ថៃ​ត្រូវតែ​ប្រុងប្រយ័ត្ន​ជាង​គេ។

«…បេក្ខភាព​ទីមួយ​សម្រាប់​មេដាយមាស​របស់​វិញ្ញាសា​បាល់ទាត់​បុរស​គឺ ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី។ ព្រោះថា ក្រុមបាល់ទាត់​វ័យក្មេង​នេះ​បាន​ត្រៀមខ្លួន​យ៉ាង​ហ្មត់ចត់​ក្នុង​រយៈពេល​វែង​មុន​នោះ» លោក Laohakul វាយតម្លៃ​ខ្ពស់​ទៅលើ​ក្រុម U-22 ម៉ាឡេស៊ី។

អតីត​គ្រូបង្វឹកថៃ​ Wittaya Laohakul បញ្ជាក់ថា វៀតណាម​ក៏​ជា​គូប្រកួត​ដែល​គួរឱ្យ​ញញើត ហើយ «ហ្វូង​ដំរី​ចម្បាំង» ត្រូវតែ​ប្រយ័ត្នប្រយែង​តាំងពី​វគ្គ​ចែក​ពូ​ល។

អតីត​គ្រូបង្វឹកថៃ​ Wittaya Laohakul

ដោយឡែក គ្រូបង្វឹក Indra Sjafri របស់ U-22 ឥណ្ឌូណេស៊ី​វិញ ក៏បាន​ព្រមាន​ដល់​ក្រុម​កូនសិស្ស​របស់លោក​អំពី U-22 កម្ពុជា បើ​ទោះ​ស្ថិតក្នុង​ពូ​ល​ដែល​ភាគច្រើន​ជា​ក្រុមខ្សោយៗ រួមមាន ឥណ្ឌូណេស៊ី កម្ពុជា មី​យ៉ាន់​ម៉ា ហ្វ៊ី​លី​ពីន និង​ទី​ម័​រ​ខាងកើត ក៏ដូចជា ឥណ្ឌូណេស៊ី​ត្រូវបាន​រំពឹងថា នឹង​អាច​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៅពេល​នាំមុខគេ​នៅក្នុង​ពូ​ល។

ក្នុងចំណោម​បណ្ដា​ក្រុម​ជម្រើសជាតិ​ដែល U-22 ឥណ្ឌូណេស៊ី ត្រូវ​ប្រកួត U-22 កម្ពុជា​គឺជា​ក្រុម​ដែល​គ្រូបង្វឹក Indra Sjafri មានការ​ប្រុងប្រយ័ត្ន​ជាងគេ។ «នៅ​វគ្គ​ចែក​ពូ​ល​របស់​យើង​មាន​ក្រុម​ម្ចាស់ផ្ទះ។ ប៉ុន្មាន​ឆ្នាំ​មកនេះ កម្ពុជា​មានការ​រីកចម្រើន​ខ្លាំង ក្នុងនោះ​កីឡាករ​មានគុណ​ភាព​ខ្ពស់ជាង​មុន​ឆ្ងាយ»។

ទោះជា​យ៉ាងណាក៏ដោយ គ្រូបង្វឹក Indra Sjafri នៅតែ​ដាក់​គោលដៅ​ឡើង​ឱ្យដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​លើក​ទី 32 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

គ្រូបង្វឹក Indra Sjafri របស់ U-22 ឥណ្ឌូណេស៊ី

ពូ​ល A នៃ​វិញ្ញាសា​បាល់ទាត់​បុរស​នៅ​ស៊ី​ហ្គេម​លើក​នេះ​នឹងត្រូវ​ប្រកួត​នៅឯ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ​ រាជធានី​ភ្នំពេញ​ ខណៈដែល​ពូ​ល B នឹងត្រូវ​ប្រកួត​នៅ​កីឡដ្ឋាន​ព្រី​នស៍​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី 29 មេសា៕

Advertisement