ស៊ី​ហ្គេម-អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នៅ​កម្ពុជា៖ ការរៀបចំ​កម្លាំង-មធ្យោបាយ​សរុប បានធ្វើ​រួចរាល់​ស្ទើរ​គ្រប់យ៉ាង​រួចហើយ

(ភ្នំពេញ) – កម្ពុជា​បានរៀបចំ​កម្លាំង​សរុប មធ្យោបាយ​សរុប និង​បាន​កសាង​ផែនការ​ប្រកបដោយ​ភាព​ហ្មត់ចត់ និង​លម្អិត​គួរ​ជាទី​កក់ក្តៅ ក្នុងការ​ត្រៀមខ្លួន​រួចរាល់​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32 និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី 12។

ដំណឹង​ខាងលើ​ត្រូវបាន ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​កម្ពុជា (CAMSOC) និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី 12 (CAMAPGOC) ឱ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី 03 មេសា 2023។ នេះ​បើ​យោងតាម​ទំព័រ Cambodia2023។

យោងតាម​ប្រធាន CAMSOC-CAMAPGOC វឌ្ឍនភាព​ការងារ​រៀបចំ​សម្រាប់​ស៊ី​ហ្គេម​លើក​ទី 32 មាន​ចំណុចសំខាន់ៗមួយចំនួន មាន​ជាអាទិ៍ ការងារ​សន្តិសុខ-សណ្តាប់ធ្នាប់ ការសង្គ្រោះ​ព្យាបាល ការរៀបចំ​កម្លាំង​សរុប​មធ្យោបាយ​សរុប បាន​កសាង​ផែនការ​ប្រកបដោយ​ភាព​ហ្មត់ចត់ និង​លម្អិត​គួរ​ជាទី​កក់ក្តៅ។

បច្ចុប្បន្ន ព្រឹត្តិការណ៍​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ គ្រោង​នឹង​ប្រើប្រាស់​កងកម្លាំង​សមត្ថកិច្ច​សរុប​ជាង 5,000 នាក់ និង​មន្ត្រី​សុខាភិបាល​ប្រមាណ 3,000 នាក់។ ពិធី​បើក-បិទ​របស់​ព្រឹត្តិការណ៍​កីឡា​នេះ​នឹងមាន​អ្នក​សម្ដែង​ទស្សនីយភាព​ប្រមាណ 3,000 នាក់ ក្នុងនោះ​មាន សិល្បករ-សិល្បការិនី មកពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ប្រមាណ 1,000 នាក់ កីឡាករ កីឡាការិនី និង​កងទ័ព ចំនួន​ប្រមាណ 2,000 នាក់។

ទន្ទឹមនឹងនេះ ស៊ី​ហ្គេម​ទី 32 ក៏មាន​អ្នកស្ម័គ្រចិត្ត​ចូលរួម​ជួយ​បំពេញការងារ​នានា​ប្រមាណ 5,000 នាក់ ដែល​ទាំងអស់​ត្រូវបាន​ជ្រើសរើស និង​បំពាក់បំប៉ន​រួចរាល់។

ចំណែក​ការរៀបចំ​ទីលាន​ប្រកួត រួមទាំង​ការបំពាក់​ឧបករណ៍​សម្ភារ​បរិក្ខា និង​រចនាសម្ព័ន្ធ​គ្រប់គ្រង ស្របតាម​បទដ្ឋាន​បច្ចេកទេស​កីឡា បាននិងកំពុង​រៀបចំ និង​ជំរុញ​យ៉ាងសកម្ម​ផងដែរ។ ចំពោះ​ការតុបតែង​លម្អ​តាម​គោលដៅ និង​តាម​ទីតាំង​ប្រកួត រដ្ឋបាល​រាជធានី-ខេត្ត និង​គណៈកម្មាធិការ​ជាតិ CAMSOC-CAMAPGOC កំពុង​សហការគ្នា​ជំរុញ​បន្ត​យ៉ាងសកម្ម។

នៅ​ស៊ី​ហ្គេម​លើក​ទី 32 នេះ មាន​កីឡា​ចំនួន 37 ប្រភេទ ដែល​ស្មើនឹង 581 វិញ្ញាសា។ ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​នេះ នឹង​ដំណើរការ​ពីថ្ងៃ​ទី 05 ដល់ទី 17 ឧសភា ឆ្នាំ 2023៕

Advertisement