អតីត​គ្រូបង្វឹក​ថៃ៖ «ការដណ្ដើម​មាស SEA Games ចំពោះ U-22 ថៃ គឺ​មិន​ពិបាក»

អតីតប្រធានគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម 23 ឆ្នាំរបស់ប្រទេសថៃ លោក Worawut Srimakha និងក្រុមកីឡាករជម្រើសជាតិ

អតីត​ប្រធាន​គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម 23 ឆ្នាំ​របស់​ប្រទេស​ថៃ (U-23 ថៃ) វាយតម្លៃ​ខ្ពស់​ទៅលើ​ឱកាស​ដណ្ដើម​មេដាយមាស​របស់ U-22 ថៃ នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32 (SEA Games 32) ដែល​នឹង​ធ្វើឡើង​នៅ​កម្ពុជា​នាពេលខាងមុខ។

ទំព័រ Siam Sport របស់​ថៃ បាន​រាយការណ៍​ថា លោក Worawut Srimakha អតីត​ប្រធាន​គ្រូបង្វឹក​របស់​ក្រុម U-23 ថៃ ថ្មីៗនេះ​បានធ្វើ​ការអះអាង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ស្ដីពី​ឱកាស​ក្នុង​ការដណ្ដើម​មេដាយមាស​នៅ SEA Games 32។

Siam Sport ឱ្យដឹងថា លោក Srimakha វាយតម្លៃ​ខ្ពស់​ទៅលើ​ជំនាន់​កីឡាករ​បច្ចុប្បន្ន​របស់​ថៃ រួម​នឹង​ក្រុម​គ្រូបង្វឹក ក្រោយពី​ការប្រកួត​របស់ «ក្រុម​ដំរី​ចម្បាំង» នៅ Doha Cup 2023។

«ខ្ញុំ​មានតែ​ឱកាស​តាមដាន​ការប្រកួត​ពីរលើក​របស់ U-23 ថៃ។ ទទួលស្គាល់ថា ខ្ញុំ​មាន​អារម្មណ៍ល្អ​ចំពោះ​ក្រុម U-23 ថៃ​បច្ចុប្បន្ន ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​គ្រូបង្វឹក Sritaro ជា​អ្នក​ដែល​ទើបតែ​បាន​ដឹកនាំ​ក្រុម​ដណ្ដើមបាន​ចំណាត់ថ្នាក់​លេខ​បួន​នៅ Doha Cup 2023» លោក Srimakha បាន​ប្រាប់ Siam Sports ដូច្នេះ។

ក្រុម U-23 ថៃ ប៉ះនឹង​ក្រុម​កាតា​ នៅ Doha Cup 2023

លោក Srimakha បន្តថា «…ខ្ញុំ​ជឿថា នៅ SEA Games 32 ក្រុម U-22 ថៃ នឹងមិន​ជួប​ការលំបាក​ឡើយ ក្នុងការ​ដណ្ដើម​មេដាយមាស»។

លោក Srimakha គឺជា​អតីត​គ្រូបង្វឹក​បាល់ទាត់​ដ៏​ឆ្នើម​របស់​ប្រទេស​ថៃ និង​ធ្លាប់បាន​ដឹកនាំ U-23 ថៃ ដណ្ដើមបាន​តំណែង​ជើងឯក​នៅ SEA Games លើក​ទី 29 ដែល​បាន​ធ្វើឡើង​នៅ​ម៉ាឡេស៊ី​កាលពី​ឆ្នាំ 2017៕

យោងតាម​ម្ចាស់ផ្ទះ​កម្ពុជា ការចាប់​លេខចែក​ពូ​ល​វិញ្ញាសា​បាល់ទាត់​នៅ SEA Games ទី 32 នឹងត្រូវ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី 05 មេសា ក្នុងនោះ​បាល់ទាត់​បុរស​នឹង​ចាប់ផ្ដើម​ការប្រកួត​ពីថ្ងៃ​ទី 29 មេសា ឆ្នាំ 2023៕

Advertisement